ដោយៈបូរិន/ភ្នំពេញៈ កញ្ញា ហេង សុទ្ធនិស្ស័យ ជាបវរកញ្ញាផែនដីកម្ពុជា២០២០ បានបង្ហាញរូបសម្រស់ជាថ្មីរបស់នាងដោយបានគ្រងឈុតរាត្រីស្រមោលសរដោយអ្នកជំនាញម្នាក់ច្នៃឡើងយ៉ាងស្រស់ ហើយជាមួយគ្នានោះនាងក៏ហ៊ានបង្អួតរាងក្នុងឈុតប៊ីគីនី ផងដែរ។
ស្របពេលបវរកញ្ញារូបនេះកំពុងតែជាបេក្ខភាពតំណាងប្រទេសកម្ពុជា បវរកញ្ញាផែនឆ្នាំ២០២០ កញ្ញា ហេង សុទ្ធនិស្ស័យ មិនត្រឹមតែបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រឡងបវកញ្ញាផែនអន្តរជាតិនៅអនឡាញឡើយ នាងក៏បានបញ្ចេញសម្រស់និងបង្ហាញសមត្ថភាពជាបន្តបន្ទាប់ទាំងក្នុងឈុតប៊ីគីនី និង ឈុតរាត្រីស្រមោលសរ។

សម្រាប់អ្នកគាំទ្រលើរូបនាងនេះ បាននាំគ្នាបញ្ចេញមតិសរសើរពីនាងដែលហ៊ានបញ្ចេញសមត្ថភាព ដោយធ្វើការបង្អួតសម្រស់ទាំងសុភាពនិងសិចស៊ី ហើយកាលពីពេលថ្មីៗនេះនាងបង្ហាញរាងស្លីមរងបស់នាងក្នុងឈុតប៊ីគីនីពណ៌ទឹកសមុទ្រ ជាមួយទឹកមុខរឹងមាំដែលកំពុងទាញទឹកចិត្តទស្សនិកជនជាច្រើនពេញចិត្តលើនាង។
ជាមួយគ្នានោះ កញ្ញា ហេង សុទ្ធនិស្ស័យ ក៏បានបង្ហាញសម្រស់ជាថ្មីទៀតកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងវគ្គប្រកួតឈុតរាត្រីស្រមោលសរដែលជាវគ្គប្រកួតបឋមនៃកម្មវិធីបវរកញ្ញាផែនដី ២០២០។ ឈុតដែលគ្រងនោះ ត្រូវបានច្នៃដោយ La Female Tailor ដែលបង្ហាញរូបសម្រស់របស់នាងពោរពេញភាពស្រស់ស្អាតនិងជឿជាក់។
សូមបញ្ជាក់ថា កញ្ញា ហេង សុទ្ធនិស្ស័យ ត្រូវបានជាប់បេក្ខភាពតំណាងប្រទេសជាបវរកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ ដើម្បីត្រៀមនឹងចូលរួមការប្រកួតអន្តរជាតិដែលនឹងមានបេក្ខនារីជុំវិញពិភពលោកជាច្រើនរូបនឹងដណ្តើមមម្កុដគ្នាជាបវរកញ្ញាផែនដីឆ្នាំ២០២០ខាងមុខនេះ។

ស្រីស្អាតសម្បុរស្រអែម មានកម្ពស់ ១,៧០ ម៉ែត្រ ក៏ធ្លាប់បម្រើការងារជាមន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការក្រៅរដ្ឋាភិបាលមួយ និង ធ្លាប់បម្រើការងារជាជំនួយការក្រុមអាកាសយានិកក្រុមហ៊ុនមួយកាលពីឆ្នាំ ២០១៧។
សូមរំលឹកផងដែរថា កញ្ញា ហេង សុទ្ធនិស្ស័យ ជាអតីតកញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់លេខ ២ និងធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World 2016 នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានពាន ២ គឺពាន Best in talent & ពាន Best Eyebrows៕/R

