ដោយៈ គន្ធា / ភ្នំពេញៈ នារសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ក.ជ.ភ) បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម លើកទី២ ដើម្បីពិនិត្យលើ “ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)” និងដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោង “ការធ្វើឱ្យប្រសើរឡើង នូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងសមាជិក សមាជិកា នៃក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈម នៅច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម និង កម្ពុជា-ថៃ ។

ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជន ដើម្បីសិក្សា និងអភិវឌ្ឍសំណើ គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ច ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធាន គណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ដូចដែលធ្លាប់បានអនុវត្តកន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។
អង្គប្រជុំ ក៏បានពិនិត្យ ពិភាក្សា ទៅលើសេចក្ដីព្រាង FA នេះ និងបានផ្ដល់ធាតុចូល យ៉ាងផុសផុល ទៅលើចំណុចមួយចំនួន ដែលលើកឡើង ដោយភាគីសឹង្ហបុរី អំពីគុណសម្បត្តិ និងគុណវិបត្តិ ពាក់ព័ន្ធនឹងការអនុវត្តគម្រោង។ ក្រោយពីកិច្ចពិភាក្សា, លោកអគ្គបណ្ឌិតសភាចារ្យ និងជាប្រធាន ក.ជ.ភ បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការកែសម្រួល FA ឡើងវិញ ដោយបញ្ចូលចំណុច ដែលលើកឡើង ដោយក្រុមហ៊ុន YCH និងបានស្នើឱ្យក្រុមហ៊ុន YCH បញ្ជាក់ឲ្យបានច្បាស់លាស់ អំពីបញ្ជីតម្រូវការជាមុន (List of Prerequirements) ទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព រួមគ្នាឡើងវិញ នៃគម្រោង PP-LC នេះ។ រាជរដ្ឋាភិបាល នឹងធ្វើការសម្រេចលើការជួយគាំទ្រ ដល់ការអនុវត្តគម្រោងនេះ ដោយផ្អែកតាមលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព រួមគ្នាឡើងវិញនេះ ។

ដោយឡែក ចំពោះការពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោង “ការធ្វើឱ្យប្រសើរឡើង នូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត -អារញ្ញប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប”, អង្គប្រជុំ បានធ្វើការពិភាក្សា, ផ្ដល់ធាតុចូលសំខាន់ៗ និងផ្លាស់ប្ដូរទស្សនៈគ្នា យ៉ាងផុសផុល ទៅលើសំណើគម្រោងបន្ទាន់ (Immediate Projects) ដែលរួមមាន ៧ គម្រោង និងសំណើគម្រោងរយៈពេលខ្លី (Short Term Projects) ចំនួន ៨ គម្រោង ។ គម្រោងទាំងនេះ ត្រូវបានរៀបចំឡើង សំដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅច្រកព្រំដែន កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ទាំងផ្នែករឹង និងផ្នែកទន់។ ក្រោយពីកិច្ចពិភាក្សា លោកអគ្គបណ្ឌិតសភាចារ្យ និងជាប្រធាន ក.ជ.ភ បានសម្រេចអនុម័ត ជាផ្លូវការនូវ សំណើគម្រោងបន្ទាន់ទាំង ៧ គម្រោង និងបានអនុម័ត ជាគោលការណ៍ នូវសំណើគម្រោងរយៈពេលខ្លី ទាំង ៨ គម្រោង ដោយគម្រោងរយៈពេលខ្លី មួយចំនួន ចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀត។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ និងផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ គម្រោងមជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ និងគម្រោងកែលម្អច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ឱ្យមានលក្ខណៈ កាន់តែប្រសើរឡើង ថែមទៀតនេះ ហើយក៏បានណែនាំ ឱ្យអង្គភាពពាក់ព័ន្ធ ចាប់ផ្តើមអនុវត្តសំណើគម្រោង ដែលបានអនុម័តហើយ ជាបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕/R