អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចំអក​ចំពោះ​ដំណើរ​ពនេចរ​របស់លោក​សម រង្ស៊ី គឺជា​រឿង​អត់​បានការ​

1258
ចែករម្លែក
  • 43
    Shares

ដោយ : វិបុល/ ​ភ្នំពេញ​ ៖ ខណៈដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ កំពុងធ្វើដំណើរ​មកកាន់​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី រួមមាន​ជប៉ុន និង​ឥណ្ឌូនេស៊ី​នេះ​, មន្ដ្រី​នាំពាក្យ​គណបក្សកាន់អំណាច​បាន​ចាត់ទុក​ដំណើរ​នេះ ថា​ជា​ដំណើរ​ពនេចរ​ផ្សងសំណាង ដែលជា​រឿង​ឥត​បានការ​នោះឡើយ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គនបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា នេះ​ថា ៖ “​ក្នុងដំណាក់កាល​ចុងក្រោយ ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ជិត​ឈាន​មកដល់ ពួក​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​ទណ្ឌិត​សម រង្ស៊ី បាន​ខិតខំ​ធ្វើដំណើរ​ពនេចរ​ទៅ​ច្រើន​កន្លែង​លើ​ពិភពលោក ក្នុងការ​ផ្សងសំណាង​ក្រែងលោ​អតីត​បក្សប្រឆាំង ដែល​ត្រូវបាន​រំលាយចោល​ដោយ​តុលាការ​កំពូល​រួចហើយ បាន​រស់​ឡើងវិញ គ្រាន់​បាន​ចូលរួម​បោះឆ្នោត​។​”

លោក សុខ ឥសាន មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា

​យ៉ាងណាក្ដី មន្ដ្រី​នាំពាក្យ​រូប​រូបនេះ បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី​ថា ក្ដីសង្ឃឹម​មិនត្រូវ​បាន​មើលឃើញ​សោះ​។ លោក បានលើកឡើង​ពី​មូលហេតុ​ចំនួន​៦ ដែល​ធ្វើ​ឲ្យ​ក្ដីសង្ឃឹម​របស់ លោក សម រង្ស៊ី ត្រូវ​បរាជ័យ​គឺ ៖ ១.​ទណ្ឌិត​សម រង្សី មិនមាន​តួនាទី​អ្វី​នៅក្នុង​អតីត​បក្សប្រឆាំង ព្រោះ​បាន​លាលែង​អស់ហើយ​, ២.​ទណ្ឌិត សម រង្ស៊ី បើ​ដើរតួ​ជា​ប្រធាន​របស់​ដែល​ហៅថា ចលនា​សាង​គ្រោះ​ជាតិ ក៏​ជា​របស់​ខុសច្បាប់​ទាំងស្រុង ដែល​ពិបាក​ឲ្យ​បណ្តា​មេដឹកនាំ​ប្រទេស​ទទួលស្គាល់​ណាស់​, ៣.​គោលដៅ​នៃ​ការដើរ​សុំ​ឲ្យ​គេ​ជួយ គឺ​បំផ្លាញ​ជាតិ ដែល​ពិបាក​ឲ្យ​គេ​ចូល​ដៃ​ជាមួយ លើកលែងតែ​ប្រទេស​ខ្លះ​មាន​ផលប្រយោជន៍​, ៤.​ទៅណា​មក​ណា ទៅដោយ​ចិត្ត​ឯង គ្មាន​ការអញ្ជើញ​ពី​ប្រទេស​ម្ចាស់ផ្ទះ​សោះ គឺ​លួចលាក់​, ៥.​បើ​បាន​ជួប​គេ គឺ​បាន​ជួបតែ​ក្រុមប្រឆាំង​ដូចគ្នា មិនបាន​ជួប​តំណាងរាស្ត្រ​ឬ​មន្ត្រី​អ្នកមុខអ្នកការ​នៅក្នុង​រដ្ឋាភិបាល​ឡើយ​។ ដូច្នេះ អត់​បានការ​អី គ្រាន់តែ​បា​នុយ​កមក​ឃោសនា​ថា បាន​ជួប​អ្នកនេះ​អ្នកនោះ​ប៉ុណ្ណោះ​។ , ៦.​ដោយ​មិន​ផ្លូវការ ការចំណាយ​មធ្យោបាយ​ធ្វើដំណើរ ស្នាក់នៅ និង​ហូបចុក ត្រូវ​ចេញ​ខ្លួនឯង ទាំងអស់ ដោយបាន​មកពី​ការដើរ​រៃអង្គាស​ពី​សប្បុរសជន​ខ្មែរ​នៅក្រៅ​ប្រទេស ។​

​ក្រៅពី​ប្រទេស​ជប៉ុន លោក សម រង្ស៊ី និង​អតីត​អ្នកតំណាងរាស្ត្រ​ផ្សេងទៀត​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ស្វែងរក​ការជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ​។ ក្រុម​លោក សម រង្ស៊ី បាន​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ពីថ្ងៃ​ទី​១៥ មេសា​។ នៅ​ទីនោះ លោក សម រង្ស៊ី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូនេស៊ី​ថា​កម្ពុជា​កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់ ដោយសារ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​។​

លោក សម រង្ស៊ី អតីត​ប្រធាន​​បក្ស​ប្រឆាំង​ទៅដល់​​ប្រទេស​​ឥណ្ឌូនេស៊ី

​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​ភា្ល​ម លោក សម រង្ស៊ី និង​អតីត​តំណាង​បក្សប្រឆាំង​ផ្សេងទៀត​បាន​ទៅកាន់​ទីស្នាក់ការ​ទស្សនា​វ​ដ្តី​ដ៏​ធំ​របស់​ឥណ្ឌូនេស៊ី​ឈ្មោះថា Tempo ដើម្បី​លើកឡើង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន​មួយ​នេះ​។ តាម​បណ្តាញ​ព័ត៌មាន Tempo លោក សម រង្ស៊ី បាន​អះអាងថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទោរទន់​ទៅរក​ភាពមិនច្បាស់លាស់​ដោយសា​រ​តែ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​នៅមុន​ការបោះឆ្នោត​នា​ចុងខែ​កក្កដា ខាងមុខនេះ​។ តាមរយៈ Tempo ដដែល លោក សម រង្ស៊ី បានទាមទារ​ឲ្យ​រដ្ឋអំណាច​ខ្មែរ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ចូលរួម​ការបោះឆ្នោត​ឡើងវិញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម