ប្រែសម្រួល,វាសនា/ប៉េកាំង៖ ចិនបានហៅរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ៃ ផមផេវ ថាជា«ថ្នាំពុល»និងបានអះអាងថា បណ្តាប្រទេសអាស៊ីគួរប្រយ័ត្នប្រយែងចំពោះបុគ្គលនេះ។
ការវាយប្រហារលើមន្ត្រីការទូតអាម៉េរិកនេះកើតឡើងក្រោយលោកផមផេវបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ។
ក្នុងអំឡូងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះបានអំពាវនាវអោយប្រទេសអាស៊ីនានាជួយប្រឈមមុខប្រឆាំងនឹងអ្វីដែលលោកហៅថា «ការគំរាមសន្តិសុខមកពីចិន»។
នៅវៀតណាម លោកបាននិយាយថា«យើងទន្ទឹងរង់ចាំការបន្តធ្វើការរួមគ្នាដើម្បីស្ថាបនាទំនាក់ទំនងរបស់យើងនិងធ្វើអោយតំបន់ ទូទាំងអាស៊ីអាគ្នេយ៍ អាស៊ីនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសុវត្ថិភាពនិងសន្តិភាព រួមទាំងវិបុលភាព»។
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក ក្នុងពេលជាមួយគ្នាបាននិយាយថាលោកស្វះស្វែងរក«កិច្ចសហការស្មោះត្រង់» ក្នុងការគាំទ្រតំបន់មួយប្រកបដោយសន្តិភាពនិងជំរុញទំនាក់ទំនងពាណិជ្ជកម្មហើយនឹងការវិនិយោគ។
ក្រោយលោកផមផេវធ្វើទស្សនកិច្ចវៀតណាម កាសែតបក្សកុំម្មុយនីស្តចិនThe Global Timesបានហៅលោកថា «មនុស្សចូលចិត្តសម្លុតគំរាម»ដែល«វាយប្រហារចិន» ក្នុងអំឡុងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក។បទវិចារណកថារបស់កាសែតសរសេរថា« ផមផេវ ជាប្រភេទមនុស្សបំពុលម្នាក់ ហើយអ្វីដែលអាស៊ីត្រូវការនៅពេលឥឡូវគឺការស្ថាបនា។បុគ្គលនេះក្លាយជាថ្នាំពុលនៅក្នុងតំបន់នេះ។ធម្មតា គ្មាននរណាចង់ផឹកថ្នាំពុលទេ»។
កាសែតបានបន្តថា «ផមផេវ ចូលមកនិងចាកចេញទៅវិញ ហើយប្រទេសអាស៊ីទាំងនេះនឹងត្រូវចងចាំដោយប្រុងប្រយ័ត្នថា បុគ្គលនេះជាថ្នាំពុលនៅកន្លៀតផ្ទះ»។
លោកផមផេវក៏បានទៅទស្សនកិច្ច ស្រីលង្ការ ឥណ្ឌា ម៉ាល់ឌីវ និងឥណ្ឌូនេស៊ី។នៅស្រីលង្ការ លោកបានហៅគណបក្សកុំម្មុយនីស្តចិនជា«សត្វសាហាវ» ហើយនៅឥណ្ឌាលោកបានអំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមពីចិន។
កាសែតThe Global Timesក៏បាននិយាយថា មនុស្សជាច្រើនគិតថាដំណើរទស្សនកិច្ចរបស់ផមផេវ ជាការលាគ្នាចុងក្រោយប្រសិនបើគណបក្សសាធារណរដ្ឋចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃ០៣វិច្ឆិកាឆ្នាំ២០២០នេះ ៕

ផមផេវ និងសមភាគីវៀតណាម ស្វាគមន៍គ្នានៅក្រុងហាណូយកាលពីថ្ងៃសុក្រ