ខណៈ​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ចិន​ប្រកាសថា​នឹង​អនុញ្ញាតឱ្យ​បរទេស​កាន់កាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ពេញលេញ

1238
ចែករម្លែក

​ដោយ​កំពុង​ប្រឈម​ហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១៧មេសា​បានប្រកាស​ពី​ផែនការ​អនុញ្ញាតឱ្យ​បរទេស​កាន់កាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ពេញលេញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​។​

​ការប្រកាស​នេះ​នឹង​រំលាយចោល​នូវ​ច្បាប់​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​សកលលោក​ធ្វើការ​តាមរយៈ​ដៃគូ​គ្រប់គ្រង​ដោយ​រដ្ឋ ដែលជា​ការរៀបចំ​មួយ​តម្រូវឱ្យ​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ចែករំលែក​បច្ចេកវិជ្ជា​ជាមួយ​ដៃគូ​ប្រកួតប្រជែង​សក្តានុពល​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​រំងាប់​កំហឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ដែល​គំរាម​វាយ​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ១៥០ ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន​បរទេស​ប្រគល់​បច្ចេកវិជ្ជា​ដល់​ខ្លួន​។​

​លទ្ធភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំង​២​របស់​ពិភពលោក​នេះ បានធ្វើឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​រង្គោះរង្គើ និង​អាច​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច ដែល​កំពុង​ជំរុញ​កំណើន​សន្សឹមៗ​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​។​

​លោក ម៉ូ​រ៉ា​យ អប់​ហ្វៀ​ល (Maurice Obstfeld) ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មេសា ខណៈ IMF ចេញ​របាយការណ៍​ព្យាករណ៍​ចុងក្រោយ​របស់ខ្លួន​អំពី​កំណើន​សកលលោក យ៉ាង​ដូច្នេះ​ថា “​ប្រសិនបើ​អ្នក​បន្ត​រំខាន​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច វា​អាច​ងាក​ត្បក​ខាំ​អ្នក​វិញ​។ នឹង​មិនមាន​អ្នកឈ្នះ ពី​សង្គ្រាម​ពាណិជ្ជកម្ម​នោះទេ​”​។​

IMF បាន​រក្សា​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​សកលលោក​នៅ​ឆ្នាំនេះ​នៅ​អត្រា ៣,៩ ភាគរយ ដែលជា​ល្បឿន​លឿន​បំផុត​មួយ​ចាប់តាំងពី​ឆ្នាំ ២០១១ មក​។ ប៉ុន្តែ​លោក​អប់​ហ្វៀ​ល​បាន​ព្រមាន​ថា ទស្សនវិស័យ​ភ្លឺ​ថ្លា គឺ​ពឹង​ផ្អែកលើ​ការបញ្ចៀស​ជម្លោះ​ពាណិជ្ជកម្ម​។​

​នៅក្នុង​ប្រទេស​ចិន ចំណាត់ការ​បើកចំហ​ឧស្សាហកម្ម​រថយន្ត​គឺ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ទំនុក​ចិត្តជា​ផ្លូវការ​ទៅលើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្មេងខ្ចី​តែ​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស និង​បំណងប្រាថ្នា​ធ្វើឱ្យ​ឧស្សាហ​កម្មនេះ​កាន់​តែមាន​ភាពបត់បែន ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជំរុញ​ការផលិត​រថយន្ត​អគ្គិសនី​៕ ដោយ៖ កញ្ញាដាលីស

ភ្ញៀវ​ចូលរួម​ពិព័រណ៍​រថយន្ត​ម៉ាក​ល្បី​របស់​អាមេរិក​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម