ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ មេដឹកនាំគណបក្សនយោបាយ និងអ្នកវិភាគ បានគាំទ្រ និងបានហៅការអនុម័ត យល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជានិងវៀតណាម គឺមានសារសំខាន់ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរ និងជាឯកសារគ្រប់គ្រាន់ សម្រាប់ជាសំអាង ដល់កូនចៅជំនាន់ក្រោយ ក្នុងការរក្សាបូរណភាពទឹកដី និងអធិបតេយ្យ ប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ត្រូវបានរដ្ឋសភា ពិភាក្សា និងអនុម័ត ដោយមានសម្លេងគាំទ្រ ចំនួន ១១៦ លើ ១១៦ សម្លេង។ ការអនុម័តនេះ បានធ្វើឡើង ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស ធម្មាធិបតេយ្យ បានមានប្រសាសន៍ថាៈ លោកស្រី គាំទ្រចំពោះរដ្ឋសភា ដែលបានអនុម័ត យល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម និងជាពិសេស បញ្ចប់ជម្លោះ រវាងអ្នកនយោបាយ និងអ្នកនយោបាយ ដែលចេះតែចោទប្រកាន់គ្នា ទៅវិញទៅមក ហើយកម្ពុជា រក្សាបានដី ដោយមានព្រំប្រទល់ ជាក់ស្តែង ជារឿងសំខាន់ សម្រាប់អនាគតកូនខ្មែរ ជំនាន់ក្រោយ។
លោកស្រីបានបញ្ជាក់ថាៈ ” ខ្ញុំគាំទ្ររដ្ឋសភា ដែលបានអនុម័តច្បាប់នឹង ជាពិសេសបញ្ចប់ជម្លោះ រវាងអ្នកនយោបាយ និងអ្នកនយោបាយ ដែលចេះតែចោទប្រកាន់គ្នា ទៅវិញទៅមក ហើយយើងរក្សាបានដីរបស់យើង ដោយមានព្រំប្រទល់ជាក់ស្តែង ជារឿងសំខាន់ សម្រាប់អនាគត កូនខ្មែរជំនាន់ក្រោយ ” ។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាសន៍ថាៈ ” ការដែលរដ្ឋសភា អនុម័យនេះ គឺជារឿងមួយ ដែលល្អបំផុត ដើម្បីកុំឲ្យកម្ពុជា និងប្រទេសជិតខាង ឈ្លោះគ្នា ដោយសារព្រំដែន មិនច្បាស់លាស់ និងកុំឲ្យប្រទេសជិតខាង មានគំនិតអាក្រក់ ច្បិចយកទឹកដីកម្ពុជា” ។
លោកបានបញ្ជាក់ថាៈ ” ថ្វីត្បិត ខ្ញុំមិនបាននៅក្នុងរដ្ឋសភា ក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងនាមពលរដ្ឋ និងជាអ្នកនយោបាយម្នាក់ នៅកម្ពុជា សូមឲ្យរដ្ឋសភា ពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាងធ្វេសប្រហែសណាមួយ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី ទៅលើប្រទេសជិតខាង ” ។

រីឯលោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ថាៈ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម មានសារសំខាន់ ជាលិខិតតូបករណ៍អន្តរជាតិ ជាលិខិតគតិយុត្តិ សម្រាប់ជាមូលដ្ឋានសំខាន់ ក្នុងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរ ហើយប្រៀបបានដូចជា ទទួលបាននូវប្លង់រឹង ដ៏សំខាន់មួយ សម្រាប់កំណត់នូវ ខ្សែបន្ទាត់ព្រំដែន របស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថាៈ ” នៅពេលអនាគតទៅ យើងមានបញ្ហាអ្វីនឹងគ្នា ពាក់ព័ន្ធនឹងរឿងព្រំដែន គឺយើងមានមូលដ្ឋាន ឯកសារផ្លូវច្បាប់គ្រប់គ្រាន់ សម្រាប់ជាសំអាង ដល់កូនចៅយើងជំនាន់ក្រោយ ក្នុងការរក្សាបូរណភាព និងអធិបតេយ្យ នៃប្រទេសកម្ពុជា” ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបញ្ជូនទៅសុំការអនុម័ត ពីរដ្ឋសភា ពិនិត្យ និងអនុម័ត ៕/V