Home ព័ត៌មានជាតិ នយោបាយ ប្រធាន​គណៈកម្...

ប្រធាន​គណៈកម្មការ ព្រំដែន​គោក​កម្ពុជា ច្រានចោល ការចោទប្រកាន់ របស់​ខ្មោច​បក្សប្រឆាំង​

ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់ គ្មាន​ការពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពី​សំណាក់​អតីត​ខ្មោច គណបក្សប្រឆាំង ដែលថា រដ្ឋសភា អនុម័ត​យល់ព្រម លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ការយល់ព្រម កាត់​ទឹកដី​ខ្មែរ ឲ្យ​ទៅ​ប្រទេស​វៀតណាម​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបញ្ជាក់​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​កិច្ចការ​ការងារ​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ហើយ​បែរជា​មក​ចោទថា កាត់ទឹក​កាត់​ដី ឲ្យ​ទៅ​ប្រទេស​វៀតណាម ដោយ​មិន​ព្រម​រៀនសូត្រ ឲ្យ​ដឹង​ច្បាស់លាស់​ថា កិច្ចការ​បច្ចេកទេស ជំនាញ​ខាង​ព្រំដែន ខិតខំ​ធ្វើ​ខ្លាំងណាស់ ដោយ​គ្រាន់តែ​ទៅ​ឆ្លើយបំភ្លឺ នៅ​រដ្ឋសភា គឺ​ឯកសារ​ពិភាក្សា​ជាង ៣ ពាន់​ទំព័រ មិនមែនជា​ការលេង​សើច​ទេ ហើយ​រដ្ឋាភិបាល ធ្វើបាន​ត្រឹមត្រូវ មិនមែន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ដូចជា​ការចោទប្រកាន់​នោះទេ​។ បើទោះបីជា​មិនទាន់​ចប់ ១០០ ភាគរយ ក៏​នៅតែ​បន្ត​ការចរចា ដើម្បី​ឲ្យ​បាន​ចប់ ១០០ ភាគរយ នៅពេល​ឆាប់ៗ ខាងមុខ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម ត្រូវបាន​រដ្ឋសភា ពិភាក្សា និង​អនុម័ត ដោយមាន​សម្លេងគាំទ្រ​ចំនួន ១១៦ លើ ១១៦ សម្លេង កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីថ្លែងហេតុ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថាៈ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្តេជ្ញាចិត្ត ដ៏​មោះមុត ក្នុង​សុ​ឆន្ទៈ ដើម្បី​សម្រេចបាន ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ដោយ​ឈរលើ​មូលដ្ឋាន គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សុភមង្គល និង​ភាពរុងរឿង​របស់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​បង្កើន​ទំនាក់ទំនង​ជិតខាង​ល្អ សាមគ្គី​ភាពជា​ប្រពៃណី​ដែល​នាំមក​នូវ​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រឹងមាំ ស្របតាម​គោលការណ៍​ច្បាប់ និង​ការអនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ព្រំដែន​មិន​កែប្រែ​នៅពេលដែល​កម្ពុជា​បាន​ឯករាជ្យ​។​
​ក្នុង​សុ​ឆន្ទៈ​បញ្ចប់​ឲ្យ​បាន​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម យោងតាម​ចំណុច​ទី​៣ និង​ទី​៤ នៃ​ប្រការ​៤ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា កំណត់ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០០៥ បានអនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ ផលិត​ផែនទី​ព្រំដែន​រដ្ឋ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ធ្វើ​ពិធីសារ ស្តីពី​ការបោះបង្គោល ខណ្ឌសីមា​ព្រំដែន​គោក រវាង​ប្រទេស​ទាំងពីរ រួមមាន ឯកសារ​លម្អិត ស្តីពី​ព្រំដែន បណ្តា​បង្គោល​ព្រំដែន និង​ផែនទី​ព្រំដែន ដើម្បី​សម្តែងឡើង នូវ​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន ទីតាំង​បង្គោល​ព្រំដែន ដែល​ស្ថិតនៅតាម បណ្តោយ​ព្រំដែន​ទាំងមូល​…៕/V

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ អនុម័តយល់ព្រម លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular