ដោយៈឆាយានាថ/កណ្តាល:ប្រជាពលរដ្ឋ បានអោយដឹងថា លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាង ខេត្តកណ្តាល កំពុងបណ្តែតបណ្តោយអោយមានការលួចដាក់ដាយត្រីខុសច្បាប់ ពីក្រុមឈ្មួញ ខណៈទឹកជំនន់កំពុងហូរបុកទ្វារទឹកស្ពានអូរអណ្តូងយ៉ាងខ្លាំង ដោយមិនគិតពីផលប៉ះពាល់នៃការបាក់ស្រុតស្ពាននិងផ្លូវនោះឡើយ ។
ទោះបីយ៉ាងណា បញ្ហានេះ លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាង ឆ្លើយតបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា រឿងដាក់ដាយត្រី គឺ ជារឿងរបស់សហគមន៍ បើចង់ដឹងច្បាស់ទៅសួរខាងសហគមន៍ និង លោកមេឃុំទៅ ។
លោក ជុំ សុវណ្ណ បន្តថា រឿងនេះ គឺ ដោយសារលោក ទី សុគន្ធ ប្រាប់ពួកនោះអោយកៀរកំប្លោកចេញ ។ រឿង ទ្វារទឹកនោះ ពី បី ថ្ងៃទៀត គឺ បើកហើយ ។ ចំណែកការដាក់ដាយត្រី វាមិនខុសច្បាប់ទេ ពីព្រោះរដូវនេះជារដូវនេសាទ ។
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាង មិនមែនជំនាញខាងបង្ក្រាបបទល្មើស ទេ តែជំនាញខាងប្រមូលលុយគ្រប់កណីមិនអោយរបូតទេ ។
បើតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំដល់មន្ត្រីរដ្ឋបាលជលផល អោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយចាត់វិធានការទប់ស្កាត់ និង បង្ក្រាបបទល្មើសទាំងឲ្យបានម៉ឺងម៉ាត់ ដោយមានការចាប់ខ្លួនជនល្មើស និង កសាងសំណុំរឿង ចោទប្រកាន់ជាបន្ទាន់ បញ្ជូនទៅតុលាការ ។ ចំពោះក្នុងករណីដែលជនល្មើសរត់គេចខ្លួនសមត្ថកិច្ចមានរយៈពេល៧ថ្ងៃ ក្នុងការស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕/R


