ដោយៈ សរិទ្ធ / ព្រះសីហនុៈ បុរសជនជាតិចិន ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ ករណីប្រើអំពើហិង្សា និងមានការផ្ទុះអាវុធ លើជនជាតិចិនដូចគ្នា បានត្រូវសមត្ថកិច្ច នគរបាលខេត្តព្រះសីហនុ បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការ តាមច្បាប់។
បុរសជនជាតិចិន ចំនួន៤នាក់នេះ រួមមាន ១- ឈ្មោះ JIANG NAN អាយុ ៣៥ឆ្នាំ មុខរបរ ថៅកែក្រុមហ៊ុន វ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ , ២- ឈ្មោះ RAN SHUBING អាយុ៤៧ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ក្លិបកំសាន្ត កាសា២ ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ , ៣- ឈ្មោះ LI XIN អាយុ ៤០ឆ្នាំ មុខរបរ អង្គរក្សថៅកែ ក្លិបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី និង៤-ឈ្មោះ WANG YAWEI អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
បុរសជនជាតិចិន ចំនួន៤នាក់នេះ បានត្រូវលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះសីហនុ កំពុងសាកសួរ។

ចំណែកជនរងគ្រោះ ជនជាតិចិន ២ នាក់ ដែលរងរបួស ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ម៉ៅការសំណង់ នៅម្ដុំគុជអាស៊ី ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រកស៊ីអចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ របួសធ្ងន់ ចំត្រង់ក្រោយខ្នង ខាងស្ដាំ ១ កាំបិត (ប៉ះពាល់ដល់សួត), ចំស្មាខាងស្ដាំ ១កាំបិត, ចំត្រង់ទ្រូងខាងស្ដាំ ១កាំបិត (កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចិន ថៃខាង)។
ប្រភពពីមន្ត្រីនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ មានប្រជាពលរដ្ឋ បានប្តឹងរាយការណ៍ តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុថា នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីជនជាតិចិន និងជនជាតិចិន វាយគ្នា ព្រមទាំងផ្ទុះអាវុធ ១គ្រាប់ ផងដែរ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងសាកសួរព័ត៌មាន នៅជុំវិញកន្លែងកើតហេតុ ទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ ២នាក់ ហើយមានម្នាក់ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ច បានទៅស្វែងរក ជនរងគ្រោះទាំង ២នាក់។

ក្រោយពីបានសាកសួរលំអិត អំពីហេតុការណ៍នេះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ រហូតកំណត់បាន អត្តសញ្ញាណរបស់ជនសង្ស័យ និងដោយមានការដឹកនាំ សម្របសម្រួល ផ្នែកនីតិវិធីផ្ទាល់ ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម សហការពីកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ទាំង៤ កម្លាំងសមត្ថកិច្ច បានតាមចាប់ឃាត់ខ្លួន ជនសង្ស័យ បានសរុបចំនួន ៤នាក់ ជាបន្តបន្ទាប់។
សមត្ថកិច្ច បានអះអាងថា ករណីនេះ បានកើតឡើង ដោយសារជនរងគ្រោះ បានទៅទារប្រាក់ ពីជនសង្ស័យ ហើយក៏មានការទាស់ ពាក្យសម្តីគ្នា រហូតឈានដល់ ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែល កំពុងប្រតាយប្រតប់គ្នា ជនសង្ស័យ ឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួន ក៏បានដកមកគំរាម ហើយជនរងគ្រោះ បានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើងផ្ទុះ ចំនួន ១ គ្រាប់។
វត្ថុតាងចាប់យកបានមាន អាវុធខ្លី ១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់) -បង់កាំភ្លើង១គ្រាប់ ៩mm ចំនួន ១៦គ្រាប់-ស៊ីឡង់ (ឧបករណ៍ សម្រាប់តកាណុងកាំភ្លើង មិនឲ្យឮសម្លេង) ១ដើម -រថយន្ត ៣គ្រឿងៈ ១-ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-6807២-ម៉ាក TUNDRA ពណ៌ប្រផេះស្លាកលេខ ភ្នំពេញ 2AE-2004៣ -ម៉ាកតូយ៉ូតា ហាយលែនឌឺ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AK-5931៕/V