ដោយ: ពៅនិមល/ភ្នំពេញ: នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លើកទី១០ ដោយមានការអញ្ញើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន១៤ ដែលជាសមាជិក និងលេខាធិការដ្ឋាន។
នៅក្នុងពិធីបើកអង្គប្រជុំនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើនក្នុងឆ្នាំ២០១៩ និង២០២០ រួមមាន ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូលហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ, ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ, ការងារកសាងច្បាប់និងបទប្បញ្ញត្តិ, កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយះការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ, ការអនុវត្តគម្រោងក្រោមជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ, ការងារលើកកម្ពស់ចំណេះដឹងសាធារណៈនិងការផ្សព្វផ្សាយច្បាប់ និងការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ដែលមានសរុបចំនួន២៨ករណី និងគិតជាទឹកប្រាក់ប្រមាណជាង ៥១ម៉ឺនដុល្លារអាម៉េរិក ដែលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា និងជាពិសេសតាមរយះការរៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធិភាពនូវផែនការការងារកម្មសិទ្ធិបញ្ញា ៣ឆ្នាំ (២០២១-២០២៣) និងផែនការយុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៦ផងដែរ សំដៅអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិឱ្យកាន់តែរឹងមាំ និងស្របតាមស្តង់ដារកម្មសិទ្ធិបញ្ញាអន្តរជាតិ ដើម្បីកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀតទៅក្នុងប្រព័ន្ធពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកល សំដៅសម្រេចបានចក្ខុវិស័យកម្បុជាឆ្នាំ២០៣០ និង២០៥០៕

