ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ពីរនាក់ បានគាស់ផ្ទះប្រជាពលរដ្ឋ លួចយកលុយបានជាង ៣.០០០ ដុល្លារ ហើយបានគេចខ្លួនបាន ១ថ្ងៃ ក៏បានត្រូវនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ ឈួន រតនា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុងលេខ១ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងបន្តថាៈ កាលពីថ្ងៃទី១ វិច្ឆិកា វេលាម៉ោងប្រហែល ១ រសៀល ជនរងគ្រោះឈ្មោះ ឈួន រតនា បានបិទទ្វារផ្ទះ ចាក់សោរត្រឹមត្រូវ ហើយក៍ចេញដំណើរ ទៅធ្វើបុណ្យ នៅស្រុកពញាឮ ខេត្តកណ្តាល ។ ក្រោយមក ក៍មានក្រុមជនសង្ស័យ បានលួចគាស់ផ្ទះ។ នៅពេលនោះ ប្រជាពលរដ្ឋ នៅជិតខាង បានឃើញ និងស្រែកឆោឡោឡើង ហើយជនសង្ស័យ ក៏បានរត់គេចខ្លួន។ ក្រោយមក អ្នកជិតខាង បានទូរស័ព្ទប្រាប់ឲ្យម្ចាស់ផ្ទះ ត្រឡប់មកវិញ និងបានទៅដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ក្រាំងធ្នង់។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើតែម្តង (ដែលជាអ្នកសមគំនិត)។ សម្ភារបាត់បង់ មានដូចជាប្រាក់អាម៉េរិក ចំនួន ៣.០០០ ដុល្លារ លុយខ្មែរចំនួន ៤០ ម៉ឺនរៀល កាតចាក់សាំង (សរុប ១.០០០ លីត្រ ជាច្រើនសន្លឹក)។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងម៉ូតូ ដែលជាមធ្យោបាយ បានត្រូវឃាត់ខ្លួន និងរឹបអូសយក មកកាន់អធិការរដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង និងបញ្ជួនទៅតុលាការ ដើម្បីចាត់បន្ត តាមនីតិវិធី៕