ដោយៈ វ៉ៃកូ / ស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបើកសិក្ខាសាលាមួយ ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ក្រុងនិងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅក្រុងស្វាយរៀង ដែលនៅក្នុងនោះ មន្ត្រីពាក់ព័ន្ធ សរុបចំនួនជិត ៥០ នាក់ ដែលបានចូលរួម បានឯកភាពលើ គម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុង និងសង្កាត់ នៅក្រុងស្វាយរៀង នៅឆ្នាំ២០២១ ខាងមុខនេះ។
នៅក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថាៈ គោលបំណង នៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើឲ្យគម្រោង សកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានា របស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាន នូវគោលដៅរួម នៃការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ពិតប្រាកដ របស់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានស្នើដល់មន្ទីរ-អង្គភាព រួមនឹងអង្គការពាក់ព័ន្ធ សូមជួយគាំទ្រនូវ គម្រោងអាទិភាព ដែលលើកឡើង ដោយអាជ្ញាធរក្រុង សង្កាត់ ឲ្យបានច្រើន និងសូមឲ្យអាជ្ញាធរក្រុង សង្កាត់ ត្រូវយកចិត្តទុកដាក់ អនុវត្តគម្រោងនានា ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យគម្រោង ដែលបានព្រមព្រៀង អនុវត្តបានប្រកបដោយជោគជ័យ និងផ្ដល់ផលប្រយោជន៍ ពិតប្រាកដ ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល ពីគម្រោងអភិវឌ្ឍន៍នោះ ។
មន្ត្រីពាក់ព័ន្ធ សរុបចំនួនជិត ៥០ នាក់ ដែលបានចូលរួម បានឯកភាព ទៅលើលទ្ធផល នៃអង្គសិក្ខាសាលាថា នៅឆ្នាំ២០២១ ខាងមុខ គម្រោងវិនិយោគ ក្រុងស្វាយរៀង មានចំនួន ៣១ គម្រោង មានការសន្យាគាំទ្រ ចំនួន ៣ គម្រោង ស្មើនឹង ៩,៦៧% (ការសន្យាគាំទ្រក្រៅគម្រោង) ។ ចំពោះគម្រោងវិនិយោគ សង្កាត់ទាំង៧ ក្នុងក្រុង មានចំនួន ១២៨ គម្រោង មានការសន្យាគាំទ្រ ចំនួន ៩១ គម្រោង ស្មើនឹង ៧១,០៩% ក្នុងនោះ មានការសន្យាគាំទ្រ ក្នុងគម្រោងចំនួន ៤០ គម្រោង ស្មើនឹង ៤៣,៩៦% ហើយមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៥១ គម្រោង ស្មើនឹង ៥៦,០៤% ៕/R
