ដោយ : បូកគោ / កំពតៈ នៅព្រឹកព្រលឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកដំណើរបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្រោមរ៉ឺម៉កម៉ូតូដឹកដែក ដែលក្រឡាប់ក្នុងស្នាមភ្លោះ អាចបណ្តាលមកពីផ្ទុកធ្ងន់ និងបើកជ្រុលធ្លាក់ចេញពីផ្លូវ ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ លើកំណាត់ផ្លូវជាតិលេខ៤១។
មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកដងទង់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះឡូយ ម៉ៅ អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំជម្ពូវន្ត ស្រុកជុំគិរី ខេត្តកំពត។
ប្រភពដដែល បានបន្តថា មន្ត្រីជំនាញ បានចុះដល់គោលដៅ រួចពិនិត្យឃើញថា ជនរងគ្រោះ បានស្លាប់ដោយសារបើករ៉ឺម៉កម៉ូតូដឹកដែកធ្ងន់ហើយជ្រុលធ្លាក់ស្នាមភ្លោះរួចក្រឡាប់សង្កត់ពីលើតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នោះ អាចកើតឡើង តាំងពីយប់ថ្ងៃទី២ ខែវិច្ឆិកា មុនរំលងអធ្រាត្រ ស្របពេលតាមផ្លូវស្ងប់ស្ងាត់ដោយមិនមានអ្នកណា បានឃើញរហូតព្រឹកព្រលឹម ទើបបង្កការភ្ញាក់ផ្អើលបែបនេះ។ និយាយរួម ការស្លាប់របស់បុរសរងគ្រោះមិនមែនបង្កឡើងដោយនរណាម្នាក់ឡើយ៕

