ដោយ: ពៅនិមល/ភ្នំពេញ: តាមការគ្រោងទុក នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីប្រទេសហុងគ្រីនឹងចុះហត្ថលេខាលើ អនុស្សរណ នៃការយោគជល់គ្នាមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីចុះហត្ថលេខានេះ នឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ហើយខ្លឹម សារសំខាន់ៗនៃពិធីនេះ គឺរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការ ដូចជា៖ ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ, សុខភាពសត្វ និងផលិតកម្មសត្វ, វិស័យជលផល និងវារីវប្បកម្ម, ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូត គាមអនាម័យ(SPS), ការការពារព្រៃ និងដាំឈើឡើងវិញ, ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ, ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម ,បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ, ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍ និងជំរុញធ្វើ ឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃខាងលើនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក ភីធ័រ ហ្ស៊ីហ្សាតូ ( Peter Szijjarto) រដ្ឋមន្ត្រីក្រសួង ការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីហុងគ្រី បានបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាថា គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរឲ្យកាន់ តែល្អប្រសើរនាពេលអនាគត ខណៈដែលវិស័យនេះនៅហុងគ្រីបាននិងកំពុងបំពេញតួនាទី យ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨ភាគរយ នៃផលិតផលសរុប (GDP)។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យ ជាខ្លាំងនៅក្នុងប្រទេសហុងគ្រី៕PC

