ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការ ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ ពេទ្យសត្វភូមិ ចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពជំងឺសត្វ និងផ្សព្វផ្សាយ ពីវិធានការការពារជំងឺសត្វ ព្យាបាល បង្ហាញ និងស្រង់ស្ថិតិ ចំនួនសត្វឈឺ នៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើយោងតាមការបញ្ជាក់ពី លោក ហ៊ុន លី អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានឲ្យដឹងថាៈ នៅក្នុងឱកាសនោះ ក៏មានការចូលរួម ពីប្រជាពលរដ្ឋ ចំនួន ១២៥ នាក់ (ស្រី៨៨នាក់) និងមានគោឈឺថ្មី សរុបចំនួន ២៣ ក្បាល ។ រោគសញ្ញាលើសត្វ រួមមាន អត់ស៊ីចំណី មានពងមាត់ និងដំបៅក្រចកជើង ពិបាកដកដង្ហើម ហៀរសំបោរ មន្ត្រីជំនាញ បានដាក់ការសង្ស័យថា ជាជំងឺអុតក្តាម។ ទន្ទឹមនឹងនោះ ក្រុមមន្ត្រីជំនាញ ក៏បានចុះត្រួតពិនិត្យ សុខភាពសត្វ ការផ្តល់ចំណី ផ្សព្វផ្សាយពីជំងឺឆ្លង និងវិធានការការពារ ជំងឺអុតក្តាម ព្រមទាំងបានព្យាបាល ដើម្បីបង្ហាញពីរបៀបព្យាបាល សត្វគោឈឺ និងស្រង់ចំនួនសត្វឈឺ ផងដែរ ព្រមទាំងបានចែកថ្នាំ វ៉ាក់សាំង សម្រាប់ចាក់ព្យាបាល និងសម្ភារមួយចំនួនទៀត ដល់ពេទ្យសត្វស្រុក ភូមិ ដើម្បីទុក សម្រាប់ព្យាបាល សត្វគោក្របី របស់ប្រជាពលរដ្ឋបន្តទៀត។


លោក ហ៊ុន លី ក៏បានណែនាំដល់ប្រជា ពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមថែទាំសត្វគោក្របី របស់ខ្លួន ឲ្យបានល្អប្រសើរ ជៀសវាងលែងឲ្យដើរស៊ី ពាសវាលពាសកាល ដែលអាចឆ្លងពីជំងឺសត្វ មួយទៅសត្វមួយទៀត ហើយបើមានសត្វគោក្របី កើតជំងឺអុតក្ដាម សារទឹក ឬជំងឺផ្សេងៗ សូមបងប្អូន ប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ មកមន្ត្រីជំនាញ ដែលនៅជិត ដើម្បីឲ្យមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្ដែង និងព្យាបាល ជូនបងប្អូន ជាបន្ទាន់៕/R


