Home ព័ត៌មានជាតិ សន្តិសុខ ដឹង​ទេ​! គ្រោ...

ដឹង​ទេ​! គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក សម្លាប់​មនុស្ស ១២​នាក់ និង​របួស ៨​នាក់ រយៈពេល ១០​ខែ


ដោយ​៖ ម៉េង​ឆៃ​/​ភ្នំពេញៈ រយៈពេល ១០​ខែ នៅក្នុង​ឆ្នាំ​២០២០​នេះ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ចំនួន ២១​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១២​នាក់ និង​របួស ៨​នាក់ កើនឡើង ៣​លើក​។ នេះ​បើតាម​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ទាំងនេះ កើតឡើង ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​លឿន គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់ កត្តា​សុខភាព និង​កត្តា​អាកាសធាតុ ជាដើម​។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ខាងលើនេះ ត្រូវបាន​លើក​បង្ហាញ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវទឹក ស្តីពី ការបើកបរ​នាវា និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
វគ្គ​បំពាក់បំប៉ន​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ដោយមាន​ការចូលរួម​ពី​មន្ត្រីនគរបាល មកពី​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​អង្គភាព​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក ចំនួន ១៧​រាជធានី​-​ខេត្ត ដែលមាន​ភូមិសាស្ត្រ​ជាប់​ផ្លូវទឹក​។​
​វគ្គ​បំប៉ន​នេះ មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្តោតលើ​ប្រធានបទ​សំខាន់ៗ ចំនួន​៨ គឺ ១-​សុវត្ថិភាព​នាវាចរណ៍ គ្រោះថ្នាក់​នាវាចរណ៍​, ២-​វិធាន​អន្តរជាតិ ស្តីពី ការបង្ការ​ប៉ះ​បង្គិច​នៅ​សមុទ្រ​, ៣-​ការប្រើ​ទង់​សញ្ញា​អន្តរជាតិ ឬ​ទង់ជាតិ​, ៤-​ការធ្វើ​នាវាចរណ៍​, ៥-​ការឆ្លើយតប​នឹង​គ្រោះអាសន្ន​នៅលើ​នាវា​, ៦-​បច្ចេកទេស​បើកបរ​នាវា​, ៧-​ភូមិសាស្ត្រ​ផ្លូវទឹក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, ៨-​សញ្ញា​ជំនួយ​នាវា​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular