ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការបំភ្លឺឆ្លើយតបអំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មានបំភ្លឺដូចតទៅៈ
១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការ សង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះ បញ្ជីស្របច្បាប់ឡើយ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែ ជាយុទ្ធសាស្ត្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។
២. រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិន ត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ តាម រយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈទាំងវិសាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។
៣. ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្តាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើ អង្គហេតុ និងអង្គច្បាប់លើ ករណីទីមួយៗនោះឡើយ។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ការអនុ វត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ដូច្នេះអ្នកដែលប្រកបវិជ្ជាជីវៈទាំងអស់ រួម ទាំងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណីការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុង ដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតិវិធីតុលាការទេ ដែល ជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិសេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់ ។
៤. ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មាន មួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តី ពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្រប ច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើរភាព។បន្ថែមពី នេះក្រសួងព័ត៌មាន មានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់អាជ្ញាបណ្ណ ទៅ លើអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងអាច ផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានៅពេលណាដែលអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប៉ុន្តែផ្ទុយទៅ វិញ ក្រសួងក៏អាចផ្អាកបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបាន តម្កល់ទុកនៅក្រសួងព័ត៌មាន។ ចំពោះករណីដែលក្រសួងព័ត៌មានលុបអាជ្ញាបណ្ណ ចំពោះអង្គភាពសារ ព័ត៌មានមួយចំនួនតូចកន្លងមក ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តិផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
៥. ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួង ព័ត៌មានឱ្យបានខ្ជាប់ខ្លួន ដោយបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន៕សរន



