ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីនៅវិមានសន្តិភាពនារសៀលថ្ងៃទី៣ខែវិច្ឆិកានេះ។

នៅក្នុងជំនួបនេះលោកភីធើស៉ីចាតូបានជម្រាបសម្តេចតេជោថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺ ទីមួយ.ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា, ទីពីរ. គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី និងទីបី ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ទីមួយ. គម្រោងទឹកស្អាត និងចំរោះទឹក, ទីពីរ គម្រោងបច្ចេកវិទ្យា (IT) និងទីបី. គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទីបួនគម្រោងកសិកម្ម និងនេសាទ។
ចំណែក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ហើយសម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋហុងគ្រីដែលបានជួយមកដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។ សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញលោកនាយករដ្ឋមន្ត្រីហុងគ្រី មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខ៕សរន

