ដោយ:ដេប៉ូ/ភ្នំពេញ:ក្នុងពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជា កាន់តែមានចំនួនច្រើនឡើងដែល មានការងារសមរម្យប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ដោយតម្លាភាព និងសមធម៌។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អ៊ិត សំហេង បានថ្លែងដែរថា កម្ពុជាកំពុងតែគិតគូរនិងរៀបចំផែនការដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា អង្គការអន្តរជាតិខាងការងារ (ILO) តែងតែគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ក៏ដូចជាកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលជាការចាំបាច់ ធានាឱ្យមានវឌ្ឍនភាពដែលអាចវាស់វែងបាននៅកម្រិតប្រទេស សំដៅសម្រេចគោលដៅការងារសមរម្យសម្រាប់ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕