ដោយៈ ភ្នំដែក / ព្រះវិហារៈ កាលពីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញចែក វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។
នៅក្នុងពិធី ដែលបានធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកឆែប លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថាៈ សម្រាប់តំបន់វិនិច្ឆ័យ ក្នុងឃុំឆែប១ សរុបមាន ២ ភូមិ ក្នុងនោះ ភូមិឆែបកើត ជាភូមិទី១ ដែល ក្រុមការងារ បានចុះអនុវត្តន៍ តាមនីតីវិធី តាមដំណាក់កាលនីមួយៗ ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតដល់ពិធីចែក វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ នាថ្ងៃទី៣ ខែវិច្ឆិកា នេះ ដែលទទួលបានលទ្ធផល សរុបចំនួន ១.២០០ ក្បាលដី ស្មើនឹងផ្ទៃដី ទំហំ ១២.០៤០,៧៩ ហិកតា ស្មើនឹង ៥៨៣ គ្រួសារ ។
លោក សំ សារឿន បានបន្តថាៈ ក្នុងនោះ ដីលំនៅស្ថាន មាន ចំនួន ៧១១ ក្បាលដី , ដីកសិកម្ម ចំនួន ១១៥ ក្បាលដី , ដីទួល អ្នកតា ចំនួន ១ ក្បាលដី , ដីសាលារៀន ៣ ក្បាលដី , ដីការិយាល័យ ១ ក្បាលដី , និងដីគ្មានទិន្នន័យ ៣៦៩ ក្បាលដី ៕/R
