ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយក ចាត់ការកម្មវិធី អនុវិស័យដីធ្លី ខេត្តកំពង់ឆ្នាំង បានជំរុញមន្ត្រីគ្រប់គ្រង តំបន់វិនិច្ឆ័យ ត្រូវពន្លឿនបន្ថែមទៀត ក្នុងការចុះបញ្ជីដីធ្លី និងបំរើសេវា ជាពិសេសចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។
លោក លី សុភា បានជំរុញបែបនេះ នៅក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយ ជាសាធារណៈ នូវឯកសារ ការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងមានវត្តមាន ពីលោក សូត្រ សង់ អភិបាលស្តីទី ស្រុកទឹកផុស តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការ
ងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ព្រមទាំងតំណាងធនាគារឯកជន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីចំនួន ១២៥ នាក់។
លោក លី សុភា បានមានប្រសាសន៍ថាៈ ការបិទផ្សាយជាលក្ខណៈប្រព័ន្ធ ក្នុងពេលនេះ មានសារៈសំខាន់ណាស់ សម្រាប់អោយបងប្អូន ធ្វើការផ្ទៀងផ្ទាត់នូវឈ្មោះ រូបរាងបញ្ចីក្បាលដី ហើយការបិទផ្សាយ ពេលនេះ មានរយៈពេល ១៥ថ្ងៃ ដោយមិនគិតពី ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិឡើយ ។
លោកប លី សុភា បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយដំណើរការ ពិនិត្យទិន្នន័យ កាន់តែលឿន សូមបងប្អូនយកភ្ជាប់ មកជាមួយនូវឯកសារ ដូចជា ប័ណ្ណសំគាល់ក្បាលដី ចេញដោយក្រុមគ្រប់គ្រង នៅតំបន់វិនិច្ឆ័យ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ មកជាមួយ ប្រសិនបើការពិនិត្យ ទៅមានការខុសឈ្មោះ ឬរូបរាងក្បាលដី អាចមានសិទ្ធិ ប្តឹងតវ៉ាកែតម្រូវ ក្នុងរយៈពេល នៃការបិទផ្សាយរបស់ ក្រុមការងារដែលនៅប្រចាំការទីនោះស្រាប់ ។
តាមរបាយការណ៍របស់ លោក សុខ សម្បត្តិ ប្រធានផ្នែកគ្រប់គ្រងតំបន់វិនិច្ឆ័យ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស នៃការបិទផ្សាយ ជាសាធារណៈ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ នៅក្នុងភូមិតាំងក្រសាំង ដោយបានកំណត់ព្រំ និងវិនិច្ឆ័យភូមិ សរុបមានចំនួន ១.៥៣៤ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន ១.៤២២ក្បាលដី ដីលំនៅដ្ធានចំនួន ១០៩ ក្បាលដី ក្រៅពីនោះដីទួលកប់ខ្មោច ដីទួលអ្នកតា និងដីសាលាឆទាន ៕/R