ដោយៈចាន់តូ / ភ្នំពេញៈ នារីម្នាក់ រងរបួសធ្ងន់ និង ពីរនាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា យ៉ាងលឿន ទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យដួល កាលពីវេលាម៉ោង ១ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខការ៉ាស់សាំង លីម ឡូង តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវវិថី ឧកញ៉ា ឌួង ងៀប lll ក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៏សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញ រថយន្តម៉ាក AUDI Q7 ស៊េរីឆ្នាំ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AW.7338 បើកបរដោយយុវជនម្នាក់ ជនជាតិខ្មែរ សញ្ជាតិចិន បើកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីខាងកើត ទៅខាងលិច ហើយក៏បត់ឆ្វេងដៃ ចូលផ្លូវឌួង ងៀប ខណ:កំពុងតែបត់ ក៏ស្រាប់តែមាននារី បីនាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដា NCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ.3483 បើកតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីខាងលិច ទៅខាងកើត បញ្ច្រាសទិសគ្នា យ៉ាងលឿន ទៅបុករថយន្តខាងលើ កំពុងតែបត់ ត្រូវចំចង្កៀងរថយន្តចំហៀងខាងស្តាំ បណ្តាលកំពិត និងបាក់បែក។ ចំណែកអ្នកបើកម៉ូតូ រងរបួសបាក់ជើងក់ និងអ្នករួមដំណើរជាមួយ រងរបួសស្រាល ពីរនាក់ ភ្លាមៗ ក៏មានរថយន្តសាមុយ មកដឹកអ្នករងរបួស ទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ បានទំនាក់ទំនង ទៅមន្ត្រីជំនាញ ចុះមកវាស់វែង យកម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/R