ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ នគរបាលស្រុកក្រគរ សហការជាមួយ នគរបាលប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់ បានដកហូត សម្ភាររួមផ្សំ នៃឧបករណ៍បទល្មើសចាប់ត្រី ខុសច្បាប់ស្តីពីជលផល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងលក់ លើផ្ទះបណ្តែតទឹក បឹងទន្លេសាប ពីរកន្លែង ស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងសមត្ថកិច្ច ដែលចុះអនុវត្តការងារ ខាងលើនេះផ្ទាល់ បានឲ្យដឹងថាៈ នៅក្នុងនោះ កម្លាំងបានចុះលើទីតាំង ២ កន្លែង ទី១-ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វិន យុំាងទ្រី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅលើផ្ទះបណ្ដែតទឹក ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ដកហូតបានមងសាច់កាវ ចំនួន ១៣ គីឡូក្រាម មងសាច់ស្បៃមុង ចំនួន ៨ គីឡូក្រាម ។ ទីតាំងទី២ នៅត្រង់ចំណុចផ្ទះ ១ កន្លែងរបស់ឈ្មោះ ទី យ៉ុង ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិ-ឃុំជាមួយគ្នា ដកហូតមងសាច់កាវ ចំនួន ៤១ គីឡូក្រាម ។

ប្រភពដដែល បានអោយដឹងទៀតថាៈ វត្ថុតាងទាំងនេះ បានត្រូវសមត្ថកិច្ច ដកហូត និងយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកក្រគរ ។ ដោយឡែក ម្ចាស់ផ្ទះ ដែលដាក់តាំងលក់នូវ សម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីខុសច្បាប់ ស្ដីពីជលផល ត្រូវបានធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ ឧបករណ៍នេសាទល្មើសច្បាប់ ។
ពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងលក់ សម្ភារឧបករណ៍នេសាទនេះ ប្រជាពលរដ្ឋ មិនសង្ឃឹមថា ការអនុវត្តបែបនេះ មានប្រសិទ្ធភាពនោះឡើយ ព្រោះថា កន្លងមក ត្រូវគេឃើញថា បទល្មើសនេសាទ នៅតែកើតមានដដែល ៕/R
…