ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿន ឡើងពំនូកថ្ម កាត់ទទឹងផ្លូវ (ដែលជាកន្លែងឱ្យ អ្នកបើកបរ យានយន្ត បន្ថយល្បឿន) ដួលបោកនឹងខឿនចិញ្ចើមផ្លូវ បែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ច ភ្នំពេញ ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះ ជាជនជាតិចិន ដោយមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-6502 ។
តាមប្រភពពត៌មាន ពីសន្តិសុខ ដែលយាមនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ ខាងលើ បានបើកម៉ូតូ ក្នុងល្បឿនលឿន ហើយបានឡើងលើពំនូកថ្ម កាត់ទទឹងផ្លូវ (ដែលជាកន្លែងឱ្យ អ្នកបើកបរ យានយន្ត បន្ថយល្បឿន) បណ្ដាលឲ្យហោះរំលង ជ្រុលទៅបុកចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបែកក្បាល ផុងលលាដ៍ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ នឹងនគរបាលផ្នែកចរាចរណ៍ ខណ្ឌកំបូល បានចុះមកវាស់វែង បន្ទាប់មក សពជនរងគ្រោះ ត្រូវ បានមន្ត្រីជំនាញ អោយរថយន្តដឹកយក ទៅតំកល់ នៅវត្តទឹកថ្លា ។ ចំណែក ម៉ូតូជនរងគ្រោះវិញ យកទៅរក្សាទុក នៅផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ៕
