ប្រែសម្រួលៈវាសនា/វីយែន,អូទ្រីស៖ ក្រុមរដ្ឋអ៊ីស្លាម(IS)កាលពីថ្ងៃអង្គារបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្សនៅទីក្រុងវីយែន ។
រូបភាពបង្ហាញក្នុងតេឡេហ្ក្រាម បានបង្ហាញបុរសពុកចង្ការម្នាក់ ដែលគេស្គាល់ឈ្មោះថា អាប៊ូ ដាកណា អាល់-អាល់បានី ។បុរសនេះបាននិយាយខ្លួនបានវាយប្រហារលើហ្វូងមនុស្សនៅកណ្តាលក្រុងវីយែនកាលពីថ្ងៃចន្ទ ដោយប្រើកាំភ្លើងខ្លីមួយ និងកាំភ្លើងយន្តមួយ ។

ក្នុងរូបថត អាល់បានីបានកាន់កាំភ្លើងនិងកាំបិត ព្រមទាំងពាក់ចិញ្ចៀនជាមួយនឹងអក្សរមួយឃ្លាឆ្លាក់ថា «ម៉ូហាម៉េត ជាអ្នកបញ្ជូនសាររបស់ព្រះអាឡា»។
មន្ត្រីអូទ្រីស ស្គាល់ជនវាយប្រហារថាជា គូទីម ហ្វេហ្ស៊ុយឡាយ ជាជនជាតិអូទ្រីសមានសញ្ជាតិ ម៉ាសេដូណាផង។បុរសនេះត្រូវបានកាត់ទោសអោយជាប់គុក២២ខែកាលពីឆ្នាំ២០១៩ ចំពោះការប៉ុនប៉ងធ្វើដំណើរទៅចូលរួមជាមួយក្រុមISនៅស៊ីរី។គូទីម ហ្វេហ្ស៊ុយឡាយ ត្រូវបានដោះលែងចេញពីគុកមិនដល់មួយឆ្នាំផង ក៏ប្រព្រឹត្តអំពើភេរវកម្មបែបនេះ។
បុរសនេះបានប្រព្រឹត្តដូចកម្រោលចូល ដោយប្រើកាំភ្លើងស្វ័យប្រវត្តិមួយដើមបាញ់សម្លាប់មនុស្ស៤នាក់មុនត្រូវបានប៉ូលិសបាញ់សម្លាប់កាលពីយប់ថ្ងៃចន្ទ។ការវាយប្រហារកើតឡើងនៅសង្កាត់ក្លឹបរាត្រីមួយដោយមនុស្សម្នានាំគ្នាសប្បាយចូលក្លឹបនៅប៉ុន្មានម៉ោងចុងក្រោយមុន ការបិទចរាចរណ៍ដើម្បីរារាំងវីរុសកូរ៉ូណា ចូលជាធរមាន។
បុរស២នាក់ និងស្ត្រី២នាក់ បានស្លាប់ពីការត្រូវរបួសនៅក្នុងការវាយប្រហារ និង២១នាក់ទៀតរងរបួស៕
