ប្រែសម្រួល : កញ្ញាដាលីស/អ៊ីរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារទី៣វិច្ឆិកាថាការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនឹងមិនមានឥទ្ធិពលអ្វីទៅលើគោលនយោបាយរបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់ចំពោះទីក្រុងវ៉ាស៊ីនតោនទេ។

ដោយកត់សម្គាល់ពីថ្ងៃកំណើតរបស់ព្យាការី ម៉ូហាម៉េដ លោក អាយ៉ាតូឡាស អាលី ខាមេនី បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អំពីប្រធានបទសហរដ្ឋអាម៉េរិក យើងធ្វើតាមគោលការណ៍ដែលអាចគណនាបានដោយមិនអាចរងការប៉ះពាល់ដោយការផ្លាស់ប្តូរបុគ្គលនៅទីក្រុងវ៉ាស៊ីនតោននោះឡើយ”។
លោកបាននិយាយថា “ថ្ងៃនេះគឺជាថ្ងៃបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ អ្វីៗអាចនឹងកើតឡើងប៉ុន្តែវាមិនអាចធ្វើឱ្យយើងបារម្ភទេ។ គោលនយោបាយរបស់យើងត្រូវបានកំណត់យ៉ាងច្បាស់លាស់ហើយការមកដល់និងការចាកចេញរបស់ប្រធានាធិបតីនឹងមិនមានឥទ្ធិពលអ្វីមកលើគោលនយោបាយឡើយ”។
អ្នកបោះឆ្នោតអាម៉េរិកបានចេញទៅបោះឆ្នោតនៅថ្ងៃអង្គារទី៣វិច្ឆិកាគាប់ជួនត្រូវនឹងថ្ងៃគម្រប់ខួបឆ្នាំ ១៩៧៩ របស់និស្សិតជ្រុលនិយមចូលអុកឡុកស្ថានទូតអាម៉េរិកនៅទីក្រុងតេហេរ៉ង់។
វិបត្តិនោះបានបន្ត ៤៤៤ ថ្ងៃរហូតដល់ចំណាប់ខ្មាំង ៥២ នាក់ចុងក្រោយត្រូវបានដោះលែងនិងធ្វើឱ្យខូចទំនាក់ទំនងរវាងប្រទេសទាំងពីររហូតមកដល់សព្វថ្ងៃ៕