ដោយៈ ដេប៉ូ / ភ្នំពេញៈ គិតរហូតមកដល់ ពេលបច្ចុប្បន្ននេះ ចំនួនតំបន់ការពារធម្មជាតិ នៅកម្ពុជា មានការកើនឡើង ដល់ ៦៥ តំបន់ ខណៈដែលកាលពី ឆ្នាំ១៩៩៣ មានត្រឹមតែ ២៣ តំបន់ និងឆ្នាំ២០១៩ មាន ៥៦ តំបន់។
បញ្ជាក់នៅក្នុងសន្និបាត បូកសរុបលទ្ធផល ការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាន នៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គឹមណុង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានឱ្យដឹងថាៈ ក្នុងចំណោម តំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ចំនួន ៦៥ តំបន់នេះ រួមមានៈ តំបន់ឧទ្យានជាតិ ១២, តំបន់ដែនជម្រកសត្វព្រៃ ១៩, តំបន់ការពារទេសភាព ១៤, តំបន់ប្រើប្រាស់ច្រើនយ៉ាង ៨ , តំបន់រ៉ាមសារ ៥ ( ៤ ជាផ្នែកមួយនៃតំបន់ស្នូលឋានជីវមណ្ឌល បឹងទន្លេសាប ), តំបន់បេតិកភណ្ឌ ធម្មជាតិ ១១ និងមានរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធ តំបន់ការពារធម្មជាតិ ចំនួន៣ តំបន់។ ក្នុងនេះ បើសរុបផ្ទៃដីប្រមាណ ៧,២ លានហិកតា ស្មើនឹង ៤១ ភាគរយ នៃផ្ទៃប្រទេស។
លោកបានថ្លែងថាៈ ក្នុងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធ តំបន់ការពារធម្មជាតិ នៅកម្ពុជា គឺផ្អែក លើប្រព័ន្ធអេកូឡូស៊ី ដែលបានបែងចែកជា ៥ តំបន់សំខាន់ៗ សម្រាប់គាំទ្រដល់ និរន្តរភាព បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងកិច្ចការពារ និងអភិរក្សប្រព័ន្ធធនធានធម្មជាតិ និងជីវៈ ចម្រុះ សម្រាប់ការប្រើប្រាស់ ប្រកបដោយចីរភាព ដែលតំបន់ទាំងនោះ រួមមានៈ ចក្ខុវិស័យ៖ ប្រព័ន្ធតំបន់ការពារធម្មជាតិ នៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព .រួមមានទាំងការកាត់បន្ថយភាពក្រីក្រពិសេសតាមរយៈការ អភិរក្ស និងការប្រើប្រាស់ ប្រកបដោយចីរភាព នូវធនធាន ជីវៈចម្រុះ ធនធានធម្មជាតិ និងវប្បធម៌ ព្រមទាំងសើវាប្រព័ន្ធអេកូឡូស៊ី។
ទាក់ទិនក្នុងរឿងនេះដែរ លោកគឹម ណុង បានឱ្យដឹងទៀតថាៈ ក្នុងបេសកកម្មជាដំណើរឆ្ពោះទៅ កាន់ ការសម្រេចបាន នូវការគ្រប់គ្រងប្រព័ន្ធតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជាប្រកបទៅ ដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសមធម៌។ ចំពោះគោលបំណង ផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ មានគោលបំណង ដូចជា ១. ថែរក្សា និងលើកកម្ពស់ តម្លៃអេកូឡូស៊ី និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ , ២. លើកកម្ពស់ការចូលរួមការងារ និងការគាំទ្រ ការពារធម្មជាតិ ពីសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងអភិរក្សតំបន់ , ៣.អភិវឌ្ឍន៍ គំនិតច្នៃប្រឌិតថ្មីៗ ក្នុងការអភិរក្ស និងការអភិវឌ្ឍ រួមទាំងបង្កើតឱកាសសម្រាប់ ចីរភាព។
ជាការឆ្លើយតប ក៏ដូចជា ផ្តល់អនុសាសន៍ ក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបង្ហាញការកោតសរសើរ និងចាត់ទុកថា ជាជំហ៊ានមួយយ៉ាងសំខាន់ក្នុងការចូល រួមអភិរក្ស និងការពារធនធានធម្មជាតិ។ លោករដ្ឋមន្ត្រី បានជំរុញឱ្យមានការសហការជាមួយ មន្ត្រីពាក់ព័ន្ធ និងពិសេសត្រូវរៀបចំឱ្យបានល្អ ដើម្បីជំរុញយ៉ាងណា ឱ្យតំបន់ការពារ និងអភិរក្ស ធនធានធម្មជាតិ ពិសេសតំបន់រមណីយដ្ឋានកម្សាន្ត ដោយប្រែក្លាយជាតំបន់សក្តានុពល និងជាទីទាក់ទាញភ្ញៀវទេសចរណ៍។
ទន្ទឹមជាមួយគ្នានេះ លោក សាយ សំអាល់ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ ឧទ្យានជាតិ ឱ្យត្រឹមត្រូវ សម្រាប់សក្តានុពល យ៉ាងល្អ ទាំងនាពេលបច្ចុប្បន្ន ទៅថ្ងៃអនាគត។ ក្នុងនេះ ត្រូវមានការរៀបចំ ទាំងផ្លាកសញ្ញា អនាម័យ និងពិសេសការពារ នូវធនធានធម្មជាតិ សត្វព្រៃជាដើម៕PC