ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន,សហរដ្ឋអាម៉េរិក៖ បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងនាំមុខប្រធានាធិបតី ដូណាល់ត្រាំតិចតួចក្រោយឈ្នះនៅតាមបណ្តារដ្ឋរបស់ពួកប្រជាធិបតេយ្យជាប្រពៃណីមួយចំនួន នៅភាគខាងកើតប្រទេសកាលពីថ្ងៃទី០៣វិច្ឆិកា នៅពេលលោកត្រាំ ឈ្នះដោយងាយនៅក្នុងមូលដ្ឋានអំណាចរបស់ពួកសាធារណរដ្ឋ នៅភាគខាងត្បូងប្រទេសនិងតំបន់ Midwest នេះបើតាមការប្រមូលចងក្រងដោយសារព័ត៌មានAP និងសារព័ត៌មានដទៃទៀត។

រដ្ឋផ្លរីដា ដែលត្រាំគិតថាសំខាន់និងសង្ឃឹមជួយអោយលោកជាប់ឆ្នោតជាថ្មី នៅមិនទាន់ប្រកាសនៅឡើយទេ។ក្នុងពេលជាមួយគ្នា ត្រាំនាំមុខតិចតួចលើគូប្រជែងនៅក្នុងរដ្ឋនេះ ដោយមណ្ឌលជាច្រើនរបស់ពួកសាធារណរដ្ឋនៅមិនទាន់រាយការណ៍នៅឡើយ។ទោះជាយ៉ាងណា ក្រុមយុទ្ធនាការរបស់ត្រាំ បានប្រកាសជោគជ័យរួចជាស្រេចទៅហើយសំរាប់រដ្ឋផ្លរីដា ទោះជាបណ្តាសារព័ត៌មានបាននិយាយថាការប្រកួតប្រជែងនៅមិនទាន់ដឹងនរណាឈ្នះចាញ់នៅឡើយ។
រដ្ឋសំខាន់ៗផ្សេងទៀតក៏នៅមិនទាន់ប្រកាសលទ្ធផល រួមមាន ណត ខារ៉ូឡាយណា ,អូហៃយ៉ូ, ចចជៀ,ផេនស៊ីនវេនៀ និងមីឈីហ្គែន។
ត្រាំបានឈ្នះនៅរដ្ឋអូហៃយ៉ូ និងណត ខារ៉ូឡាយណា នៅឆ្នាំ២០១៦ តែឥឡូវ បៃដិន នាំមុខតិចតួច។
បៃដិនក៏ឈ្នះនៅ ញូវ យ៉ក,វៀជីញ៉ា ,អ៊ីលីណយ,មែរីលែន,ញូវជើស៊ី ,ម៉ាសាជូសេត,ខុនណិតធិកិត,វើម៉ុន,រ៉ូដ អាយលែន, ញូវ ម៉ិកស៊ីកូ,ដេឡាវ៉ែរនិងក្រុងវ៉ាស៊ីនតោន នេះបើតាមAP។
ត្រាំឈ្នះនៅរដ្ឋ អាកាន់សាស់,អ៊ីឌីយ៉ាណា,ខិនធុកគី,ថេនេស៊ី,សោត ខារ៉ូឡាយណា ,អាឡាបាម៉ា,មីស៊ីស៊ីពី,វៀជីញ៉ាខាងលិច,ណត ដាកូតា ,ណេប្រាស្កា ,សោត ដាកូតា ,វ៉ាអូមីង,ល្វីសៀណានិង អូក្លាហូម៉ា។
លទ្ធផលជំហានដំបូងបង្ហាញថា បៃដិន នាំមុខត្រាំ ១២២ ទល់នឹង ៩២ ក្នុងការបោះឆ្នោតដោយក្រុមតំណាង។បេក្ខជនម្នាក់ត្រូវឡើងដល់ចំនួន២៧០ដើម្បីដណ្តើមានតំណែងប្រធានាធិបតី៕