ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន មានទម្ងន់ជាង ៧ គីឡូក្រាម បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីរង់ចាំការស៊ើបអង្កេត រកមេខ្លោង និងគូកនជាបន្តទៀត ការសម្រេចឃុំខ្លួននេះ បានធ្វើឡើង ក្រោយពេលលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញសម្រេច ចោទប្រកាន់ បុរសរូបនេះ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី ។
បុរសរូបនេះ ឈ្មោះ ជា ចាន់ដារ៉ា អាយុ៣៥ឆ្នាំ បានត្រូវកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿង ញៀន ដោយមានការសម្របសម្រួលនីតិវិធី ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥A បុរី លឹម ឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក បាន រួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៧ គីឡូក្រាម ៦២២ក្រាម ៕PC
