ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងបរិស្ថាន កំពុងពង្រឹង ក៏ដូចជា ការអភិវឌ្ឍតំបន់សហគមន៍ មូលដ្ឋាន ឱ្យកាន់តែប្រសើរ ឡើងថែមទៀត ដើម្បីសម្រេចឱ្យបាន នៃចក្ខុវិស័យរបស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការឱ្យដឹង ពីលោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន។
ថ្លែងនៅក្នុងបទបង្ហាញ នៃសន្និបាតបូកសរុបលទ្ធផល ការងារបរិស្ថាន ឆ្នាំ២០២០ និងលើក ទិសដៅការងារ ឆ្នាំ២០២១ លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានដាក់ទិសដៅ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០២១ ដល់សហគមន៍មូលដ្ឋាន សំខាន់ៗ ដូចជាៈ ១).រៀបចំស្នើសុំកញ្ចប់ថវិកា រាជរដ្ឋាភិបាល សម្រាប់គាំទ្រ ដល់កិច្ចប្រតិបត្តិការ របស់បណ្តាញ។ បន្តរៀបចំវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការ បណ្ដាញ ៣ ដង ក្នុង១ឆ្នាំ ដោយផ្សារភ្ជាប់ ទៅការពង្រឹងកិច្ចប្រជុំបណ្តាញ ទាំងបីតំបន់។ រៀបចំវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីក្នុងនាយកដ្ឋាន ជំនាញទាំងបី និងមន្ត្រីការិយាល័យ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅតាមមន្ទីររបរិស្ថាន និងមន្ត្រីអន្តរវិស័យថ្នាក់ស្រុក ព្រមជាមួយគ្នានឹងបង្កើនយន្តការ ក្រុមការងារជីវភាព សហគមន៍ ទេសចរណ៍ធម្មជាតិ ដែលត្រូវបានរៀបចំឱ្យ មានការជួបប្រជុំ រៀងរាល់ ៣ ខែម្តង ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ រវាងអ្នករៀបចំ គោលនយោបាយ និងអ្នកអនុវត្តនៅទីវាល។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា នឹងបង្កើន និងពង្រឹងកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាសហគមន៍ ដែលចូលរួមចំណែក ក្នុង ការដាក់សម្ពាធលើការប្រើ ប្រាស់ ធនធានធម្មជាតិ។ សម្របសម្រួល និងពង្រឹងកិច្ចសហការ ជាមួយវិស័យឯកជន ដើម្បីជំរុញច្រវាក់តម្លៃ ពីកសិដ្ឋាន ឬទីតាំងផលិត មកដល់តុបាយ ឬអ្នកប្រើប្រាស់ព្រមជាមួយ គ្នានេះ ជំរុញអនុវត្តទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ ដើម្បីបង្កើនគោល ដៅទេសចរណ៍ធម្មជាតិថ្មីៗ ជូនទេសចរក្នុងស្រុក និងអន្តរជាតិ។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានបញ្ជាក់បន្ថែមថា នឹងបង្កើត និងអនុវត្តយន្តការត្រួតពិនិត្យ ការអនុវត្តគម្រោងទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ ដើម្បីធានាសុវត្តិភាព និងស្តង់ដាទេសចរណ៍។ ជំរុញការសិក្សាស្រាវជ្រាវ និងដាក់បញ្ចូល ទីតាំងបេតិភណ្ឌ សម្រាប់ជាទិសដៅ និងជម្រើសរបស់ភ្ញៀវទេសចរ។ ចងក្រង និងផ្សព្វផ្សាយ ព័ត៌មាន ស្តីពីរបៀងទេសចរណ៍ធម្មជាតិ ដើម្បីចែកចាយ និងផ្សព្វផ្សាយជាសាធារណៈ ជាពិសេសភ្នាក់ងារទេសចរណ៍។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ជាសេនាធិការ ឱ្យក្រសួងបរិស្ថាន ក្នុងការ ដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ការងារអភិវឌ្ឍន៍មូលដ្ឋាន និងសហគមន៍ តំបន់ការពារ ធម្មជាតិ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សធនធាន ធម្មជាតិជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ការពារធម្មជាតិ។
ឆ្លើយតបទៅនឹងទិសដៅការងារ ក៏ដូចជា ទិសដៅអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាននេះដែរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី គ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំបម្រើ ប្រជាពលរដ្ឋ ឱ្យបានល្អ ជាពិសេសក្នុងវិស័យបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ច គាំពារបរិស្ថាន ការគ្រប់គ្រង សំណល់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវ គុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
ទាក់ទិនក្នុងរឿងនេះដែរ លោករដ្ឋមន្ត្រី ក៏បានជំរុញដល់ អាជ្ញាធរថ្នាក់ក្រោមជាតិពង្រឹងការ អនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើការងារអភិរក្ស ធនធានធម្មជាតិ ដែលយើងមាន ឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ ដល់មនុស្សរាប់ជំនាន់ តទៅមុខទៀត៕PC




