ដោយៈ មេសា/ភ្នំពេញៈ ដើមឡើយមនុស្សជឿតាមកម្ពីរគ្រិស្តសាសនា ថា ផែនដីមានរាងសំប៉ែត មូល ដូចជាផែន នៃ ស្ករត្នោត ប៉ុន្តែទស្សនវិទូ មានលោក Pythagoras of Samos (ក្រិក) ជាអាទិ៍ បានប្រកាសថា ពិភពលោក មានរាងមូល ដូចផ្លែក្រូច ដែលទីបំផុតធ្វើឱ្យមនុស្សភ្លឺភ្នែកចែស ។ ហេតុការណ៍នេះជាដើម គឺជាសមិទ្ធផល នៃ ទស្សនវិជ្ជា ហើយបច្ចុប្បន្ន គេបានបង្កើត ទិវាទស្សនវិជ្ជាពិភពលោក ឬ ទិវាទស្សនវិជ្ជាអន្តរជាតិ ប្រកាសធ្វើឡើងដោយអង្គការ UNESCO ដំបូងឡើយ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០០២ ប៉ុន្តែក្រោយមក គេធ្វើនៅថ្ងៃទី ៣ ខែ វិច្ឆិកា វិញ ប៉ុន្តែវាពុំមែនជាថ្ងៃសម្រាកសាធារណៈឡើយ ។
ទស្សនវិជ្ជា បានសេចក្តីថា វិជ្ជា ឬ ចំណេះដឹងដែលជាគំហើញ បែបទស្សនៈ ឬ បែបទ្រិស្តីដែលមានលក្ខណៈប្រាកដប្រជា ពាក់ព័ន្ធនឹង ឬ អំពីមនុស្ស សត្វ ធម្មជាតិ និង គោលការណ៍នានាដែលជាមគ្គុទ្ទេសសម្រាប់ ឬ ដែលជារបត់ក្នុងលោក និង ឆ្លងលោក ។
រូបៈ អ៊ីនធឺណេត
គេយល់ថា មុនពេលគេពុំទាន់ស្គាល់ទស្សនវិជ្ជាសុះសាយ ពិភពលោកហាក់ដូច ជាងងឹតងងល់ វង្វេងវង្វាន់ មិនដឹងថា នឹង ត្រូវនាំគ្នាធ្វើដំណើរទៅទីណា ដោយរបៀបណា និង ដោយសារអ្វី ឱ្យបានជាក់លាក់ឡើយ មានឧបមេយ្យដូចជានាវានៅនាកណ្តាលមហាសគរដ៏ធំល្វឹងល្វើយ ពុំមានត្រីវិស័យ ឬ ផែនទីនាំផ្លូវ ឯនាវិកទៀតសោតក៏ពុំស្គាល់ផ្លូវ ឬ ដែនសមុទ្ទ។ ទស្សនវិទូទាំងឡាយដូចជា ព្រះពុទ្ធ សូក្រាត និង ផ្លាតូ ជាដើម សុទ្ធតែជាអ្នកបានផ្តល់កំណើតឱ្យគំនិតបែបទំនើបនិយមមកឱ្យពិភពលោក ។
ទស្សនវិជ្ជា ( Philosophy ) បានបើកទ្វារសម្រាប់គំនិតថ្មីៗ និង ទស្សនៈនវានុវត្តន៍ (ការអនុវត្តន៍បែបថ្មី ) ដោយការដាក់មូលដ្ឋានគ្រឹះ នៃ គំនិតសំខាន់ៗ ឯករាជភាព និង គំនិតច្នៃប្រតិដ្ឋ ពាសពេញ វប្បធម៌របស់មនុស្សជាតិអស់រយៈពេលជាច្រើនសតវត្ស៍មកហើយ ។
ភាពទំនើបដែលមាននៅក្នុងសម័យកាល នៃ ពិភពលោកជឿនលឿន ស្ទើរគ្មានហ្វ្រាំង និងជន្ទល់ទប់នេះ គឺជាសមិទ្ធផលដែលគេដាំតាមទស្សនវិជ្ជានេះឯង ប៉ុន្តែទស្សនវិជ្ជាបែរជាហាក់ពុំសូវត្រូវបានគេយកចិត្តទុកដាក់ ជាហេតុនាំឱ្យមានការប្រកួតប្រជែងយ៉ាងជ្រុលជ្រប់ ទប់ពុំជាប់ ហើយវាអាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង ។
គេយល់ថា ពិភពលោកមិនអាច បណ្តែតបណ្តោយបែបនេះទៀតទេ ដ្បិតពីមួយថ្ងៃទៅមួយថ្ងៃ ការប្រណាំងប្រជែងក្នុងលោក ទាំងផ្នែកវិទ្យាសាស្ត្រ សព្វាវុធ និង អំណាច ជាដើម បាននាំមកនូវភាពរោលរាលខ្លាំងឡើងៗឥតគណនា ។ ដ្បិតភាពរីកចម្រើនទាំងនេះ មានកំណើតចេញមកពីទស្សនវិជ្ជា ហេតុនេះ ក៏មានតែ ទស្សនវិជ្ជា ដែរ ទើបមានវិធីព្យាបាលជំងឺពិភពលោកបាន ។
គេក៏មានទិដ្ឋិផងទៀតដែរថា ទស្សនវិជ្ជា ដែលបន្សល់ទុកដោយបុព្វទស្សនវិទូ ទាំងឡាយនេះ មានភាពទូលំទូលាយមែនហើយ ប៉ុន្តែពិភពលោកនៅមានអាថ៌កំបាំងច្រើនអនេកទៀត ដែលទាំងនេះសុទ្ធតែត្រូវតែស្រាយបំភ្លឺដោយទស្សនវិទូបច្ចុប្បន្ន និង អនាគត ។ ទាំងនេះជាមូលហេតុដែលគេគិតថាមិនអាចទុកទស្សនវិជ្ជាឱ្យនៅរាយប៉ាយ ឬ ត្រូវបានមិនយកចិត្តទុកដាក់ឡើយ ។
អង្គការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNESCO បានណែនាំនូវ ទិវាទស្សនវិជ្ជាពិភពលោក នៅឆ្នាំ ២០០២ ដើម្បី ផ្តល់កិត្តិយសដល់គំនិតឆ្លុះបញ្ចាំងបែបទស្សនវិជ្ជា ដោយការបើកទីលំហឱកាស និង ការជំរុញមនុស្សឱ្យចែករំលែកមរតកទស្សនវិជ្ជារបស់ខ្លួន ការបើកគំនិតរបស់ពួកគេទៅនឹងគំនិតថ្មីៗ និង ជំរុញការពិភាក្សាសាធារណៈស្តីពីការប្រកួតប្រជែង នៃ សង្គម។
ទិវានេះត្រូវបានប្រារព្ធធ្វើឡើងមុនដំបូងបំផុតនៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០០២ ដោយ ស្ងប់ស្ងាត់នៅឯការិយាល័យកណ្តាលរបស់ UNESCO នៅទីក្រុង ប៉ារីស ។ ៣ ឆ្នាំក្រោយមក ពោលគឺចាប់ពីឆ្នាំ ២០០៦ ព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សមល្មមមួយ ហើយក៏បានលើកយកទៅធ្វើនៅទីផ្សេងពីការិយាល័យរបស់ UNESCO ដែលមុនដំបូងធ្វើ នៅប្រទេស ឈីលី ម៉ារ៉ុក តួកគី អ៊ីតាលី និង រុស្ស៊ី បន្ទាប់មកត្រូវបានគេធ្វើនៅទីផ្សេងៗ ទូទាំងពិភពលោក ហើយប្រទេសខ្លះបានហៅទិវានេះថា ទិវាទស្សនវិជ្ជាអន្តរជាតិ ។ ប៉ុន្តែហាក់ដូចជាពុំទាន់ឮថាទិវានេះត្រូវបានធ្វើនៅកម្ពុជានៅឡើយ សូម្បីតែការលើកឡើង ដើម្បី ពិភាក្សាជាសាធារណៈ ។
ឆ្នាំ ២០០៤ អគ្គនាយក UNESCO កូអ៊ីជូរ៉ូ ម៉ាតស៊ូអ៊ូរ៉ា (Koïchiro Matsuura)បានផ្ញើសារសាធារណៈស្តីអំពីទស្សនវិជ្ជាភិពលោក ដើម្បី ទ្រោលបំភ្លឺនូវអត្ថន័យ និង សារសំខាន់ នៃ ទិវានេះ ។ គាត់បាននិយាយថា “ ទស្សនវិជ្ជា បានផ្តល់ឱ្យពិភពលោកនូវមូលដ្ឋាន ផ្នែកគំនិត និង គុណតម្លៃ ដែលបានធ្វើឱ្យមានរូបរាងនូវលទ្ធភាព នៃ សន្តិភាពពិភពលោក គឺលទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និង សមភាព ។ ការឆ្លុះបញ្ចាំងទៅលើបញ្ហា សង្គម សហកាលដែលមិនទាន់ត្រូវបានដោះស្រាយ និង សំណួរទាំងឡាយ ដែលមិនទាន់ត្រូវបានផ្តល់ចម្លើយ នោះ ជានិច្ចកាលស្ថិតនៅក្នុងបេះដូង នៃ ការវិភាគ និង ការគិតបែបទស្សនវិជ្ជា ” ។
រូបៈ ឯកសារ
បច្ចុប្បន្ននេះ ទិវាទស្សនវិជ្ជាពិភពលោក ត្រូវបានប្រារព្ធ ធ្វើប្រចាំឆ្នាំនៅថ្ងៃទី ៣ ខែ វិច្ឆិកា ដើម្បី ផ្តល់កិត្តិយសដល់គំនិតគិតបែបទស្សនវិជ្ជា ទូទាំងពិភពលោក ។ វាជាទិវាសម្រាប់មនុស្សចែករំលែកគំនិត ឈ្វេងយល់ និង ពិភាក្សាយ៉ាងទូលំទូលាយនូវទស្សនៈថ្មីៗ និង ជំរុញការពិគ្រោះ ពិភាក្សាអំពីការប្រណាំងប្រជែងរបស់សង្គម ។
គោលបំណង នៃ ការផ្តើមគំនិតរបស់អង្គការ UNESCO ក្នុងការការបង្កើតឱ្យមានទិវាទស្សនវិជ្ជាពិភពលោក នេះ គឺដើម្បីស្រូបទាញ ឬ ប្រមូលផ្តុំមនុស្សមកពីជុំវិញពិភពលោក ដើម្បី ភ្ជាប់ទំនាក់ទំនងគ្នាក្នុងការឆ្លុះបញ្ចាំងរួមស្តីពីបញ្ហានានា នៃ សហសម័យ ។ ព្រឹត្តិការណ៍ និង សកម្មភាពដែលគេធ្វើក្នុងបរិបទនេះរួមមាន៖
• ជជែកពិភាក្សាដេញដោល ធ្វើបាឋកថា ក្នុងបរិបទ ទស្សនវិជ្ជា និង ការជួបប្រជុំពាក់ព័ន្ធនឹងទស្សនវិទូដែលល្បីល្បាញទាំងឡាយ ។
• សន្និសីទអន្តរជាតិស្តីពីប្រធានបទទស្សនវិជ្ជា ការផ្សារភ្ជាប់រវាងទស្សនវិជ្ជា ទៅនឹងការអប់រំ និង វប្បធម៌ ។
• ការតាំងពិព័រណ៌ និង ការរៀបចំសៀវភៅទស្សនវិជ្ជា ។
• តៀមអាហារទស្សនវិជ្ជា ។
នៅក្នុងកំណត់ត្រា នៃ ទិវាទស្សនវិជ្ជាពិភពលោក គេបានឃើញថា ក្រុមអង្គការ សហគមន៍ និង ភ្នាក់ងាររដ្ឋាភិបាលនានា ជាពិសេសស្ថាប័នចេញមកពី ឈីលី បារាំង ម៉ារ៉ុក ហ្វីលីពីន និង តួកគី ជាដើម សុទ្ធតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវ ទិវាទស្សនវិជ្ជាពិភពលោក នេះ ជាហេតុនាំឱ្យទិវានេះត្រូវបានប្រារព្ធនៅតាមទីក្រុង នៃ បណ្តាប្រទេសជាច្រើនទូទាំងពិភពលោកផងដែរ ៕srn