ដោយ:ភ្នំខៀវ/បាត់ដំបង:មន្ត្រីការពារតំបន់អភិរក្សព្រៃឈើថៃបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ចាត់ការតាមនីតិវិធីរបស់ប្រទេសពីបទចូលកាប់ព្រៃឈើ កាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចទឹកដីថៃក្នុងភូមិសាស្ត្រភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ឈមគ្នានឹងតំបន់ស្រុកសំឡូត ខេត្តបាត់ដំបងខណៈពលរដ្ឋខ្មែរទាំងអស់ព្យាយាមធ្វើសកម្មភាពកាប់ព្រៃឈើនាំយកឆ្លងដែនដើម្បីចែកចាយក្នុងទីផ្សារទឹកដីកម្ពុជា។

ពលរដ្ឋខ្មែរដែលត្រូវមមន្ត្រីព្រៃឈើថៃឃាត់ខ្លួនបានទាំងអស់មានឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ ទាំង ៣នាក់រស់នៅក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោក ម៉ី ណាន់ នាយប៉ុស្តិនគរបាលព្រំដែនប្រចាំច្រក៤០០ ស្រុកសំឡូតបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ៤ ខែវិច្ឆកា ឆ្នាំ២០២០នេះថា÷ លោក រួមទាំងក្រុមការងារកំពុងស្ថិតនៅលើទឹកដីថៃក្នុងគោលបំណងសម្របសម្រួលនាំយកនូវប្រជាពលរដ្ឋដែលប្រព្រឹត្តខុសច្បាប់នេះដើម្បីយកទៅអប់រំណែនាំនៅមូលដ្ឋានទឹកដីប្រទេសកម្ពុជាវិញ ប៉ុន្តែខាងភាគីកងកម្លាំង ក៏ដូចជាមន្ត្រីជំនាញរបស់ថៃបានបដិសេដ្ឋចំពោះការស្នើរសុំនេះដោយរក្សាទុកដើម្បីអនុវត្តទោសតាមច្បាប់របស់ថៃសិន៕
