ដោយ: មុនីរ័ត្ន / ភ្នំពេញ: ស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់រស្មីកម្ពុជាថា “មន្ត្រីនគរបាលចំនួន ០៣នាក់ ក៏យើងរៀបចំឯកសារបញ្ជូនទៅតុលាការដែរ”។
សមត្ថកិច្ចបានផ្ទុះអាវុធ ក្នុងការបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ ការផ្ទុះអាវុធបន្ទាប់ពីក្រុមជនសង្ស័យបានជិះម៉ូតូបំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន ហើយសមត្ថកិច្ចបានផ្ទុះអាវុធក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាប់ក៏បានផ្លាតត្រូវជនសង្ស័យបណ្តាលឲ្យស្លាប់។
ទាក់ទងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៤ ខែវិច្ឆិកា បានបំភ្លឺថា ដោយមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក Parith JB កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណងជើងថា «ប៉ូលិសខេត្តកំពតបានបាញ់គាត់ស្លាប់យប់ថ្ងៃពីរ ហើយដឹកសពមកអោយដល់ផ្ទះ ហើយយកលុយមកសងជំងឺចិត្ត 4500$ ដើម្បីបញ្ជប់រឿង តើច្បាប់ស្រុកខ្មែរមានចឹងអត់សូមបងប្អូនដែលដឹងជួយខមិនផង តើមានច្បាប់បែបនឹងអត់? ហើយប៉ូលិសធ្វើចឹងត្រូវ រឺខុស សូមបងប្អូន Share ម្នាក់មួយផង កុំអោយប៉ូលិសមួយចំនួនចេះតែធ្វើខុសតាមអំពើចិត្តពេក»។
សូមបញ្ជាក់ថា ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:១០នាទី ជនល្មើស០១ក្រុម មានគ្នាចំនួន០៥នាក់ : ១-ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់), ២-ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន), ៣-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ) ជិះម៉ូតូ ០២គ្រឿង បានកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឱ្យរងរបួសក្បាលជាទម្ងន់។ មូលហេតុ ជនរងគ្រោះផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅក្នុងភូមិកើតហេតុខាងលើ។ ពេលនោះជនរងគ្រោះមើលមុខជនសង្ស័យ ធ្វើឱ្យពួកគេខឹងតាមកាប់នៅពេលដែលចេញពីហាងកាហ្វេ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ០១គ្រឿងមានគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ហើយថែម ទាំងបើកបំបុកកម្លាំងសមត្ថកិច្ចរងរបូសចំនួន ០២នាក់។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជនសង្ស័យ ០១នាក់ស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន០១នាក់។
សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ ដើម្បី អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។
ក្រៅពីនេះ ក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាចំនួន $៤,៥០០ (បួនពាន់ប្រាំរយដុល្លារគត់) ប្រគល់ជូនក្រុមគ្រួសារសពសម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ល