Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​អតីត...

ឃុំខ្លួន​អតីត​យោធា​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុស​ខ្បាប់​


ដោយ​:​សុខុម​/​ស្ទឹងត្រែង​: ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​អតីត​
​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ពីបទ​ជួញដូរ​គ្រឿងញៀន​ដាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី 2 ខែវិច្ឆិកា​ឆ្នាំ 2020​។​

សូមបញ្ជាក់ថា​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​យោធា​ម្នាក់​ជាមួយ​ថ្នាំញៀន​២​គីឡូក្រាម រថយន្ត Lexus RX 300 មួយគ្រឿង​និង​កាំភ្លើង​មួយ​ដើម​នៅ​ចំណុច​អាហារ​ដ្ឋា​ន​ម្លប់​ត្នោត​ស្ថិត​ក្នុងភូមិ​ស្ពានថ្ម​សង្កាត់​ស្រះ​ឫស្សី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​វេលា​ម៉ោង​៩ យប់​ថ្ងៃទី ៣០ ខែតុលា​ឆ្នាំ ២០២០ ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ប្រទះឃើញ​គ្រឿងញៀន ៤២ ដុំ​ដែល​យោធា​ម្នាក់​ល្បាត​នៅ​តំបន់​ព្រំដែន​កម្ពុជា​ឡាវ​ក្បែរ​បន្ទាយ​របស់ខ្លួន​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

​ពេលនោះ​យោធា​ដើរល្បាត​បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដឹក​គ្រឿងញៀន​ចំនួន​២​កា​រ៉ុង ស្មើនឹង​៤២​កញ្ចប់​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ ២០២០​។​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដួល​ហើយ​ទុកចោល​រួច​គេចខ្លួន​។ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​ប្រទះឃើញ​ម៉ូតូ​និង​កា​រ៉ុង​ច្រកថ្នាំ​ញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ បាន​រាយការណ៍​ជូន​ថ្នាក់លើ​។​

​គ្រឿងញៀន​ដែល​ប្រទះឃើញ​មាន​ចំនួន​៤២​ដុំ​ទម្ងន់​ប្រមាណ​ជាង ៤១​គីឡូក្រាម រួម​នឹង​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ បែរជា​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​បន្ត រហូត​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ចំនួន​២​កញ្ចប់​ធំ​ប្រភេទ​កេ​ត​តា​មីន​បន្ថែមទៀត​។​


សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​ខាងលើនេះ​គឺជា​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​បានដឹង​ហេតុការណ៍​គ្រឿងញៀន​មុនគេ ឈ្មោះ​អ៊ុក ដំកើង ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ បាន​រក្សាទុក​គ្រឿងញៀន​ចំនួន ២​ដុំ​មាន​ទម្ងន់​២​គីឡូក្រាម​ដែល​បាន​ដកចេញ​ចេញ​ក្នុងចំណោម​គ្រឿងញៀន​៤២ ដុំ​មាន​ទម្ងន់​ប្រមាណ​ជាង ៤១​គីឡូក្រាម​នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular