ដោយ: ប.ខុន / ភ្នំពេញ: ព្យុះទី១៩ នឹងថមថយឥទ្ធិពលមក នៅត្រឹមកម្រិតជាវិសម្ពាធTD ពេលចូលដល់លើឆ្នេររបស់ប្រទេសវៀតណាម នៅយប់នេះ ឬព្រឹកថ្ងៃទី៥វិច្ឆិកា តែនៅថ្ងៃនេះវាស្ថិតនៅក្នុងកម្រិតជាកូនព្យុះ នៅឡើយទេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ពេលនេះ (១១ព្រឹកថ្ងៃ៤ វិច្ឆិកា) វាកំពុងស្ថិតនៅក្នុងសមុទ្រចិនខាង ត្បូងក្នុងកម្រិតជាកូនព្យុះTS ហើយវានឹងថមថយឥទ្ធិពលទៅជាវិសម្ពាធTD មុន ពេលទៅដល់ឆ្នេរប្រទេសវៀតណាមនៅយប់នេះឬព្រឹកថ្ងៃទី៥ខែវិច្ឆិកា។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានថាព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ដែលបាននឹងកំពុងស្ថិត នៅលើសមុទ្រចិនខាងត្បូង តាមការព្យាករ ព្យុះនេះវាបានប្តូរទិសដៅបន្តិចដោយដើរចូលមកផ្នែកខាងលើ នៃភាគខាងត្បូងប្រទេសវៀតណាមនិងថមថយ ឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០និងមកជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
ក្នុងសេចក្តីប្រកាសបានសរសេរទៀតថា លក្ខណៈបែបខាងលើនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម៖
- សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាង កើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រអាចនឹង មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
- សម្រាបរាជធានីភ្នំពេញ និងខេត្តផ្សេងៗ ទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានសរសេរទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួលថ្មី៕ ល