ដោយ: រ៉ាម៉ន / ភ្នំពេញ: ដើម្បីដោះស្រាយបញ្ហាជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង និងខណ្ឌមានជ័យ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធ រំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនិងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយស្តារ បុកជញ្ជាំងរបកុង (Sect-Ple) បឹងទំពន់តូច ប្រឡាយ និងជួសជុលកែលម្អ ស្ថានីយ៌បូមទឹកបឹងទំពន់ ស្ថិតនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាល រាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយឡើយ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការស្តារ បុកជញ្ជាំងរបកុង (Sect-Ple) បឹងទំពន់តូច ប្រឡាយ និងជួសជុលកែលម្អ ស្ថានីយបូមទឹកបឹងទំពន់ ស្ថិតនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី៤វិច្ឆិកានេះ។ ដែលសេចក្តីជូនដំណឹងនេះមានន័យដើមថា ៖រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ដោយពិនិត្យឃើញ ស្ថានីយ៌បូមទឹកបឹងទំពន់មានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពន់តូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភកាន់កាប់នោះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើ ឱ្យប្រសើរឡើងនូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pie) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយ ដើម្បីកាត់បន្ថយ ជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង ខណ្ឌមានជ័យ។ មុនពេល មានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភ កាន់កាប់ ដោយខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឱ្យអាក់ខានពុំអាចអនុវត្តបានឡើយ។

នាពេលកន្លងទៅថ្មីៗនេះ នៅពេលដែលរាជធានីភ្នំពេញទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាល រាជធានីភ្នំពេញចាត់វិធានការមិនទាន់ពេលវេលាក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវ ខ្សាច់ទៅទប់ទឹក កុំឱ្យលិចស្ថានីយ៌បូមទឹកបឹងទំពន់ទេនោះ ម្ល៉េះទូរបញ្ជាអគ្គិសនីស្ថានីយបូមទឹកនេះត្រូវលិចលង់ បង្ក ឱ្យផ្ទុះឆេះលែងដំណើរការកើត នាំឱ្យតំបន់មួយចំនួននៃរាជធានីភ្នំពេញត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង ទម្រាំ រដ្ឋបាលរាជធានីភ្នំពេញរកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពន់នេះ ដើម្បីបូមទឹក បញ្ចេញទៅបឹងជើងឯក ឱ្យបានរួចរាល់ឡើងវិញ។
គួរបញ្ជាក់ដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការបុកជញ្ជាំងបេតុងទទួលបានជោគជ័យរួចហើយ នៅប្រឡាយស្ទឹងមានជ័យនាពេលកន្លងមកនេះ។

ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធ រំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនិងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាប ជូនខាងលើ ក្នុងពេលខាងមុខនេះដ៏ខ្លី។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាល រាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕ ល

