ដោយ: ពៅនិមល/ភ្នំពេញ: នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។

ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២១ខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។
ជាការឆ្លើយតប ភាគីហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចនាពេលនេះថា ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈចំនួន២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្ត្រ) និងកិច្ចព្រមព្រៀងចំនួន១ ស្តីពីសេវាកម្មអាកាសចរណ៍ និង ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។
មុននឹងបញ្ចប់ជំនួប ភាគីទាំងពីរ បានបង្ហាញពីភាពសោមន្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូខាងមុខ នៅប្រទេសកម្ពុជាផងដែរ៕