ដោយ: ម៉េងឆៃ
ប៉ូលិសខេត្តកំពត បានផ្ទុះអាវុធ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ប៉ូលិសអះអាងថា យុវជន ដែលស្លាប់នោះ ស្ថិតក្នុងចំណោមយុវជនពីរនាក់ ដែលជាក្រុមក្មេងទំនើង ជិះម៉ូតូ ហើយប៉ូលិសស្ទាក់ហៅ មិនឈប់។
ករណីនេះ ក៏ត្រូវបានស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រុមជនសង្ស័យ បានជិះម៉ូតូ បំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន ហើយសមត្ថកិច្ច បានផ្ទុះអាវុធ ក្នុងគោលបំណងបង្អាក់ដំណើរក្រុមជនសង្ស័យ តែគ្រាប់កាំភ្លើង ក៏បានផ្លាត ត្រូវជនសង្ស័យម្នាក់ បណ្តាលឲ្យស្លាប់។
ស្នងការបញ្ជាក់ថា នេះជាករណីសមត្ថកិច្ច ផ្ទុះអាវុធ ក្នុងពេលបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ដែលបានកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា នៅក្រុងកំពត ខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា ករណីផ្ទុះអាវុធ ដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ គឺក្នុងប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ដែលបានកាប់ ទៅលើយុវជនម្នាក់របួសធ្ងន់។នៅពេលដែលក្រុមជនបង្បានធ្វើសកម្មភាពរួចហើយកម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ សមត្ថកិច្ចក៏បានឃើញក្រុមជនសង្ស័យ ហើយក្រុមនេះ បានជិះបំបុកសមត្ថកិច្ច ដើម្បីគេចខ្លួន ទើបសមត្ថកិច្ច បានបាញ់ ដើម្បីបង្អាក់ដំណើរ។ ប៉ុន្តែចៃដន្យគ្រាប់ បានផ្លាតទៅត្រូវក្រុមជនសង្ស័យម្នាក់។
លោកស្នងការបញ្ជាក់ថា ករណីនេះ មិនមែនជាការបាញ់បោះសេរីនោះទេ គឺសមត្ថកិច្ចផ្ទុះអាវុធ ក្នុងពេលប្រតិបបត្តិការបំពេញបេសកកម្មការងារបង្ក្រាបក្រុមទំនើង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ និងកំពុងបន្តស្រាវជ្រាវចាប់ខ្លួន ចំនួនបីនាក់ទៀត ដែលកំពុងតែរត់គេចខ្លួន។
ប៉ុន្តែប៉ូលិសខេត្តកំពត គួរតែមានវិធីបង្អាក់ស្ទះម៉ូតូយុវជន ដែលប៉ូលិសអះអាងថា ជាក្រុមក្មេងទំនើង ឲ្យបានប្រសើរជាងនេះ។ ក្រុមក្មេងទំនើងទាំងនោះ មិនមានកាំភ្លើង ដើម្បីបាញ់តដៃប៉ូលិសទេ។
ការអះអាងរបស់ប៉ូលិសថា ករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង និងដើម្បីបង្អាក់ដំណើរក្រុមជនសង្ស័យនោះ គ្រាន់តែជាការអះអាងយករួចខ្លួនប៉ុណ្ណោះ។ការផ្ទុះអាវុធ ក្នុងពេលក្រុមជនល្មើស មិនមានអាវុធបាញ់តដៃគឺជារឿងគួរឲ្យពិចារណា។
ដើម្បីឲ្យមហាជនអស់ចិត្ត នោះគឺក្រៅតែពីស្វែងរកក្រុមក្មេងទំនើង ដែលស្នងការ អះអាងថា ជាបក្ខពួកជនល្មើស ព្រួតគ្នាវាយលើយុវជនរងគ្រោះហើយនោះ មេប៉ូលិស ក៏គួរតែរកមុខ នាំខ្លួនមកផ្តន្ទាទោសលើប៉ូលិសដៃដល់ ដែលបាញ់ បណ្តាលឲ្យស្លាប់យុវជនម្នាក់ ក្នុងប្រតិបត្តិការ ដែលអះអាងថា បង្ក្រាបក្មេងទំនើង។
ដូច្នេះករណីនៅខេត្តកំពតនេះ គួរតែមានការស៊ើបអង្កេតត្រឹមត្រូវពីថ្នាក់ក្រសួងមហាផ្ទៃ និងអន្តរក្រសួង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះផងក៏ដូចជាបង្ហាញនូវភាពស្អាតស្អំរបស់ប៉ូលិសខេត្តកំពតផង៕សរន