ដោយ: ពៅនិមល/ភ្នំពេញ: ក្រុមអាជីវករតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បាននិយាយស្រដៀងៗគ្នាថា តម្លៃម្ហូបអាហារក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ហាក់មានការប្រែប្រួលច្រើនជួនឡើងថ្លៃ និងជួនធ្លាក់ថ្លៃ។
ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយគគេហទំព័ររស្មីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមអាជីវករនៅផ្សារច្បារអំពៅ បានឱ្យដឹងថា តម្លៃម្ហូបអាហារសំខាន់ៗ រួមមាន បន្លែ ត្រីសាច់ ទាំងក្នុងស្រុក និងនាំចូល គឺមានការប្រែប្រួលចន្លោះពី៥០០, ១.០០០ ឬ២,០០០រៀល ក្នុងមួយគីឡូក្រាម។

យោងតាមតារាងទិន្នន័យតម្លៃ និងស្តុកផលិតផលក្នុងស្រុកចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃនៃផ្សារច្បារអំពៅ បានរៀបរាប់ថា ប្រៀបធៀបតម្លៃទំនិញរយះពេល១០ថ្ងៃចុងក្រោយនេះ (២៦វិច្ឆិកា-០៤តុលា) សាច់ជ្រូក (៣ជាន់) ពីមុន២៥,០០០រៀល ពេលនេះចុះត្រឹម២៣,០០០រៀល។ ចំពោះសាច់គោរក្សាតម្លៃនៅដដែល គឺ៤៥.០០០រៀល ក្នុងមួយគីឡូ និងតម្លៃមាន់រស់ (ស្រែ) ២៨,០០០រៀល ក្នុងមួយគីឡូ។
ដោយឡែក តម្លៃបន្លែឯណោះវិញ ដូចជា ត្រឡាច ម្រះ ការ៉ុត និងននោង តម្លៃបច្ចុប្បន្នថ្លៃ៤.០០០រៀល ក្នុងមួយគីឡូ, ស្ពៃបូកគោថ្លៃ៥.០០០រៀល ត្រសក់ថ្លៃ ៣.០០០រៀល និងសាឡាត់ថ្លៃ៨.០០០រៀល ក្នុងមួយគីឡូ, ស្ពៃក្រញ៉ាញ់ថ្លៃ៦,០០០រៀល និងដើមផ្កាខាត់ណាថ្លៃ១២.០០០រៀល ក្នុងមួយគីឡូ។

ចំពោះមូលហេតុនៃការប្រែប្រួលតម្លៃទំនិញទាំងនេះ អាជីករផ្សារបានឱ្យដឹងផ្សេងគ្នាថា ដោយសារបញ្ហាទឹកជំនន់ និងមួយចំនួនទៀត អះអាងថា ដោយសារយកពីអ្នកបោះបន្ត ដែលនាំចូលពីប្រទេសជិតខាង។
ជុំវិញការលើកឡើងខាងលើនេះ លោក ចាន់ ហេង មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបគ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យផ្ទៃដីដាំដុះដំណាំរួមផ្សុំ រងការជន់លិច និងខូចខាតបានជះឥទ្ធិពលដល់តម្លៃទំនិញមានការប្រែប្រួល។ លោកបន្តទៀត នៅចំពោះមុខស្ថានភាពនេះ ក្រសួងកំពុងតែដោះស្រាយលើបញ្ហានេះហើយដែលជាដំណោះស្រាយរួមនៃការស្ដារវិស័យកសិកម្មឡើងវិញក្រោយជំនន់ទឹកភ្លៀង៕
