ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យ ផលប៉ះពាល់ដំណាំស្រូវ ដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំ ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យ និងវាយតម្លៃឱ្យបាន ច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ ចែកពូជស្រូវ ជូនដល់គ្រួសារ ដែលរងគ្រោះ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើមស្តារផលិតកម្មស្រូវឡើង វិញ ក្រោយពេលទឹកជំនន់។
បើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ហិន ហ៊ុន បានឱ្យដឹងថាៈ ទឹកជំនន់ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ ប្រមាណ ១.៣៨៣ ហិកតា និងផ្ទៃដីដែលរងការខូចខាត ចំនួន ៩២៨ ហិកតា នៅក្នុង ៥ ស្រុក និងក្នុង ក្រុងកំពង់ឆ្នាំង។
លោកបានបញ្ជាក់ថាៈ បច្ចុប្បន្ន មន្ទីរកំពុងចុះស្រង់តួលេខ ចំនួនគ្រួសាររងគ្រោះបន្ទាប់មក រាយការណ៍ ជូនក្រសួង និងលើកសំណើ សុំពូជស្រូវយកមក ចែកចាយ ជូនពួកគាត់ ដើម្បីស្តារឡើងវិញ នូវដំណាំស្រូវ ៕PC





