ប្រែសម្រួល : កញ្ញាដាលីស/សហរដ្ឋអាម៉េរិក ៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រលោកត្រាំ និងក្រុមបាតុករ Black Lives Matter នៅខាងក្រៅសេតវិមាននៅយប់ថ្ងៃអង្គារ(ព្រឹកថ្ងៃពុធនៅកម្ពុជា) ខណៈដែលប៉ូលិសកំពុងព្យាយាមគ្រប់គ្រងលើហ្វូងមនុស្ស។
វីដេអូពីចលនា Black Lives Matter បានបង្ហាញភាពតានតឹងបានប្រែទៅជាទំនាស់វាយដំគ្នាខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទោះបីជាមានវត្តមានប៉ូលិសក្រុងច្រើនយ៉ាងណាក៏ដោយ។
យោងតាមរបាយការណ៍ ក្រុមបាតុករ Black Lives Matter មានការខឹងសម្បានៅពេលដែលបាតុករជាគូប្រជែងម្នាក់ ចាប់ផ្តើមស្រែកថា “ជីវិតទាំងអស់សុទ្ធតែសំខាន់ អ្នកស្បែកសទាំងអស់សុទ្ធតែសំខាន់”។
វីដេអូមួយបានបង្ហាញបុរសនោះកំពុងនិយាយជាមួយអ្នកតវ៉ាម្នាក់មុនពេលគាត់ត្រូវគេរុញចូលទៅក្នុងរនាំងព័ទ្ធជុំវិញ។ គាត់ត្រូវគេដាល់និងរុញទៅដី មុនពេលប្រឹងរត់គេចខ្លួនបានសម្រេច។
វីដេអូមួយទៀតបង្ហាញបុរសម្នាក់ពាក់អាវមានអក្សរសរសេរថា “ធ្វើឱ្យអាម៉េរិកអស្ចារ្យម្តងទៀត” កំពុងស្រែកដាក់អ្នកតវ៉ាម្នាក់ ហើយព្យាយាមពន្យុះគាត់ឱ្យវ៉ៃគ្នា។
នៅកន្លែងផ្សេងទៀត ប៉ូលិសក្រុងញូវយ៉កកំពុងត្រៀមខ្លួនសម្រាប់ភាពចលាចលដែលអាចកើតឡើងណាមួយ ប៉ុន្តែទីក្រុងញូវយ៉ក ទីក្រុងឈីកាហ្គោ ទីក្រុងបូស្តុននិងទីក្រុងហ្វីឡាដែលហ្វៀ បានឃើញបាតុកម្មថមថយវិញ ព្រោះកងឆ្មាំជាតិត្រូវបានដាក់ឱ្យប្រចាំការនៅក្នុងរដ្ឋចំនួន ១៦ នៅទូទាំងប្រទេសដើម្បីត្រៀមទប់ទល់នឹងចលាចលក្រោយបោះឆ្នោត៕sn
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រលោកត្រាំ និងក្រុមបាតុករ Black Lives Matter នៅខាងក្រៅសេតវិមាននៅយប់ថ្ងៃអង្គារ