ដោយ: ប.ខុន / ភ្នំពេញ: មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០ បានជម្រាបរដ្ឋបាលខេត្តនេះ អំពីលទ្ធភាពទឹកសម្រាប់ធ្វើស្រូវប្រាំង ឆ្នាំ២០២០-២០២១ បានចំនួន២ម៉ឺនហិកតា នៅប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួនបី។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានដំបងជម្រាបជូនអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២ខែវិច្ឆិកាសរសេរថា ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២០-២០២១ ខាងមុខមន្ទីរអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងសរុបទូទាំងខេត្តចំនួន ២០.០០០ហិកតា។
ក្នុងលិខិតបញ្ជាក់យ៉ាងនេះថា តំបន់ធ្វើស្រូវប្រាំងមាននៅប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយចំនួន១២.០០០ហិកតា ប្រព័ន្ធធារាសាស្ត្រកង្ហត៦.០០០ហិកតា និងប្រព័ន្ធធារាសាស្ត្រអាងភាសចំនួន២.០០០ហិកតា។

លោក ឡុង ផលគុណ បានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃទី៤ខែវិច្ឆិកាថា កាលពីឆ្នាំមុនៗ ការធ្វើស្រែប្រាំងនៅក្នុងខេត្តបាត់ដំបង មន្ទីរអនុញ្ញាតឱ្យធ្វើតែពី ១៥.០០០ទៅ ១៧.០០០ហិកតាទេ តែជាក់ស្តែងកសិករធ្វើលើសរហូតដល់ទៅជាង៣ម៉ឺនហិកតា ដែលនាំឱ្យជួបបញ្ហាខ្វះទឹកនៅកន្លែងខ្លះ ពេលគ្មានជំនួយពីភ្លៀងកក់ខែ។
នៅឆ្នាំនេះ មន្ទីរបានកំណត់ឱ្យធ្វើដល់ពីរម៉ឺនហិកតានោះ លោក ឡុង ផលគុណ និយាយថា ដោយយោងទៅតាមស្ថានភាពទឹកដែលមាននៅសល់តាមអាងសំខាន់ៗ រហូតមកដល់ពេលនេះអាងខ្លះនៅមិនទាន់បានបិទទ្វារទឹកនៅឡើយទេ គឺវាខុសពីឆ្នាំមុនៗ ដែលពេលដូចគ្នាបែបនេះបានបញ្ជេញទឹកពីអាងទៅអន្តរាគមន៍ស្រូវវស្សាអស់មួយចំនួនបាត់ទៅហើយ៕ ល
