ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ: ដើរចេញពីទ្រនំចាស់ មិនទាន់បានប៉ុន្មានផង តារាចម្រៀង ខេម កំពុងញាប់ដៃជើង បើកជំនួញជាលើកដំបូងរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារ។ ដំណឹងនេះ ធ្វើអោយអ្នកគាំទ្រ ជាច្រើនសារទជាមួយនិងភាពជោគជ័យ ដែលខេម កំពុងតែបោះជំហ៊ាននេះ។
ជាជំនួញលើកដំបូង ក្រោយឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra ខេម មិនធ្លាប់បានគិតថា និងមានជំនួញដូចជាម្ចាស់ផលិតកម្មដែលជាថៅកែរបស់ខ្លួនឡើយ ពោល ខេម បានបើកជំនួញជាភោជនីយដ្ឋាន លក្ខណៈ(pub)។ ជំនួញថ្មីថ្មោងត្រូវបាន ខេម ប្រាប់ថា ការបើកដំណើរការនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ម្យាង លោកថា គ្រាន់តែចង់បង្កើតមុខរបរផ្ទាល់ខ្លួន បន្ទាប់ពីអាជីពចម្រៀងប៉ុណ្ណោះ។
ហាងថ្មី របស់តារាចម្រៀង មានទីតាំងជិតវត្តសំរោងអណ្តែត នេះ មិនមែនជារឿងចៃដន្យឡើយ គឺ លោកបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហើយដឹងច្បាស់ថា ម្ដុំនោះមានហាងច្រើន ប៉ុន្តែហាងបែប(ផាប់) មានប៊ែនច្រៀង មិនទាន់មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជនដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន។
ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នាតែងនិយាយជាការគួរសម។
T&Y Restaurant បានបើកលក់សាលល្បងប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើន ថ្ងៃសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងនេះ។ ភ្ញៀវកិត្តិយសដែលធ្វើខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ និងមានការ Discount យ៉ាងពិសេសជូនភ្ញៀវកិត្តិយសផងដែរ៕