ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី គឺមិនមែនឆ្លងជំងឺកូវីដ១៩ ពីកម្ពុជានៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកានោះទេ។ គឺមិនដូចជាការផ្សព្វផ្សាយព័ត៌មានមួយចំនួននោះឡើយ។

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ reuters។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា កាសែតរបស់ហុងគ្រីបានផ្សាយថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី គឺមានផ្ទុកជំងឺកូវីដ១៩ ហើយមិនបានផ្សាយថា ឆ្លងពីកម្ពុជាទេ។ “កុំឲ្យមានការយល់ច្រឡំដែលអ្នកខ្លះនិយាយថា ឆ្លងពីកម្ពុជា ។គឺមិនមែនទេ។ កាសែតរបស់ហុងគ្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីគឺមានផ្ទុកជំងឺកូវីដ១៩ គេមិនមានផ្សាយថា ឆ្លងពីកម្ពុជាទេ”។

អ្នកនាំពាក្យបានអះអាងថា កម្ពុជាមិនមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទេ ហើយកម្ពុជាមានសមត្ថភាពលទ្ធភាពក្នុងការព្យាបាលជា និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍នៅថ្ងៃពុធ ទី ៤ វិច្ឋិកានេះ លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ។ប៉ុន្តែលោកមិនមានរោគសញ្ញាអ្វីនោះទេ៕សរន
