ដោយៈយោធិន/ភ្នំពេញៈ អគាររដ្ឋបាលថ្មីកំពស់១៨ជាន់ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ ។បច្ចុប្បន្នសាងសង់ស្ទើរតែ១០០ភាគរយហើយ។
ក្នុងដំណើរចុះពិនិត្យ គ្រប់ជាន់អគារថ្មីនេះ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា “អគារការិយាល័យកណ្តាលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានកម្ពស់១៨ជាន់ រួមមានការិយាល័យធ្វើការ របស់អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្ត្រីគ្រប់នាយកដ្ឋានចំណុះឲ្យ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានសាលប្រជុំ តូច ធំ បន្ទប់ពិព័រណ៍ មានចំនួន១២ជាន់។ ចំណតរថយន្ត៥ជាន់ និង អាហារដ្ឋានមួយជាន់”។
លោកបញ្ជាក់ថា នៅពេលការិយាល័យធ្វើការថ្មីបានរួច នឹងបង្កភាពងាយស្រួលជាងមុន ដោយសារបច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួលអគារគេសម្រាប់ធ្វើការ៕សរន