ដោយៈដេប៉ូ/ភ្នំពេញៈនៅឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានបង្ហាញពីយុទ្ធសាស្ត្រក៏ដូចជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីបន្ដកាត់បន្ថយការបំផ្លិចបំផ្លាញបរិស្ថាន និងថែរក្សា ដែលធ្វើឲ្យបរិស្ថានធម្មជាតិកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងបទបង្ហាញនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកា លោក វ៉ាន់មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបញ្ជាក់ថាក្នុងទិសដៅរៀបចំផែនការការងារឆ្នាំ២០២១ខាងមុខនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងមានទិសដៅការងារសំខាន់ៗដូចជា១.បន្តជំរុញការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងការវិភាជន៍ថវិកាគ្រប់លំដាប់ថ្នាក់ និងបន្តកៀរគ ធនធាននិងបច្ចេកវិទ្យាសមស្រប។ ២.បន្តរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៣.បន្តអនុវត្តយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។៤.បន្តរៀបចំគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ ការងារជីវសុវត្ថិភាព និងសេចក្តីព្រាងក្របខណ្ឌការងារជាតិស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ទុដោយស្មើភាព និងសមធម៌។

លោកបានបញ្ជាក់ផងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងបន្តទិសដៅសំខាន់ៗមួយចំនួនបន្ថែមទៀតដូចជា ៤.បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សា ស្រាវជ្រាវ និងចងក្រងទិន្នន័យស្តីពីបច្ចេកវិទ្យាសមស្រប។៥. អនុម័តគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង ការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង។៦. បន្តសម្របសម្រួល និងរៀបចំបង្កើតប្រព័ន្ធទិន្នន័យប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការអភិរក្សធនធានជីវៈចម្រុះ។ ៧. អនុម័តក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។៨.បន្តរៀបចំបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះជាតិ និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិភ្នំពេញ។ ៩.បន្តសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ កិច្ចសហប្រតិបត្តិការ អាទិភាពការងាររួមគ្នា និងគម្រោងគាំទ្រជាក់ស្តែង។១០. បន្តសហការជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍។ ១១. បន្តកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលមានវិជ្ជាជីវៈកំរិតខ្ពស់ ក្នុងវិស័យបរិស្ថាននិងការអភិវឌ្ឍន៍ ដោយចីរភាព។១២. រៀបចំប្រព័ន្ធគ្រប់គ្រង និងការសម្របសម្រួលការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើទំនើប កម្មស្ថាប័ន។ ១៤. រៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ ស្របតាមសេចក្តីប្រកាសទីក្រុងប៉ារីសឆ្នាំ២០០៥ ស្តីពីប្រសិទ្ធិភាពជំនួយ។
ក្នុងពិធីនេះលោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពពង្រឹងនូវសមត្ថភាពមន្ត្រី ហើយត្រូវអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យសម្រេចបានជាផ្លែផ្កានាថ្ងៃខាងមុខ។លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់មន្ត្រីទាំងអស់ត្រូវចូលរួមអនុវត្តនូវ គោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ទៅថ្ងៃខាងមុខ៕សរន
