ដោយ: ម៉េងឆៃ / ខេត្តស្វាយរៀង: លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងពេលជួបប្រជាពលរដ្ឋ និងអ្នកឆ្លងដែនកម្ពុជា-វៀតណាម លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើឲ្យប្រុងប្រយ័ត្ននូវជំងឺកូវីដ១៩។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសនោះ លោកស្រី ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩ ខណៈដែលពិភពលោក បាន និងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងជាផ្លូវការ សម្រាប់ព្យាបាលនៅឡើយនោះទេ។
ម្យ៉ាងទៀត លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់មន្ត្រីរាជការ នៅច្រកព្រំដែន ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើជាមន្ត្រីស្មោះត្រង់ ក្នុងការមប្រើសេវាសាធារណៈ ឲ្យបានល្អជូនប្រជាពលរដ្ឋ ជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ នៅពេលដែលឆ្លងព្រំដែន បើកឲ្យដំណើរការជាធម្មតាឡើងវិញ៕ ល