ធ្លាយ​ប្រព័ន្ធ​ហ្កា​ស​រ៉ឺម៉ក​លក់​មីឆា​ចល័ត បណ្តាល​ឲ្យ​ឆាបឆេះ ប៉ុន្តែ​មិនមាន​នរណាម្នាក់​រងរ​បួស​ឡើយ​

1743
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងមុខ​លានជល់ដំរី ក្នុង​បរិវេណ ប្រាសាទ​អង្គ​ធំ នៃ​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ស្ថិតក្នុង​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ធ្លាយ​ប្រព័ន្ធ​ហ្កា​ស រ៉ឺម៉ក​លក់​មីឆា​ចល័ត បណ្តាល​ឲ្យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ​សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​ឡើយ​។​

​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​កន្លែងកើតហេតុ បាន​និយាយថា ម្ចាស់​រ៉ឺម៉ក​មានឈ្មោះ សែ ផាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ភូមិកំណើត​នៅ​ភូមិ​សំបួរ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរប​លក់​មីឆា​និង​ប្រហិត​ចៀន​។​

​សមត្ថកិច្ច​បាន​បន្តថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ គឺ​បណ្តាលមកពី​បើក​ហ្កា​ស​បញ្ឆេះ​ភ្លើង​ច​ង្ក្រា​ន្ត​ទាំង​០២​គ្រឿង (​ប្រភេទ​៤​គីឡូក្រាម​) ដើម្បី​ឆា​មី​និង​ចៀន​ប្រហិត ក៏​ឆេះ​ដល់​ប្រអប់​ម៉ាញ​តូ បណ្តាល​ឲ្យ​ឆាបឆេះ​ដល់​សម្ភារៈ​ប្លា​ស្ទិ​ក និង​បណ្តាល​ឲ្យ​ធ្លាយ​ប្រព័ន្ធ​ហ្កា​ស ចេញ​ជា​អណ្តាតភ្លើង​ឡើង​។ ក្រោយពី​កើតហេតុ​ត្រូវបាន​ក្រុមការងារ សហ​ការណ៍​ជាមួយ​ខាង​យុវជន បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ រហូត​អណ្តាតភ្លើង​បាន​រលត់​វិញ​នៅវេលា​ម៉ោង​១៧​និង​៣២​នាទី ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ នោះឡើយ​។​

​ដោយ​ក្តី​អាណិតអាសូរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ឲ្យ​លោក ហេង សា​រ៉ា នាំយក​ថវិកា​ចំនួន​១០០​ដុល្លារ ប្រគល់ជូន​លោកពូ​ម្ចាស់​រ៉ឺម៉ក​ខាងលើ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការខាតបង់ និង​រក្សា​ស្នាមញញឹម​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម