ដោយ:ច្រាយ ចំណាន/ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការអភិវឌ្ឍទីក្រុងរណបកាន់តែច្រើន នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងរីកចំរើនលើវិស័យសំណង់ នៅក្នុងប្រទេស ខណៈរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណប (Satellite City) ស្រមតាមផែនការ និងប្លង់គោលអភិវឌ្ឍន៍ទីក្រុងនាពេលបច្ចុប្បន្ននេះ។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាអភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកាកន្លងមកថា មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅតាមបណ្តាប្រទេសនៅលើពិភពលោកនេះ គឺគេបង្កើតតំបន់អភិវឌ្ឍន៍័ថ្មីៗ ដែលហៅទីក្រុងរណប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសំណង់ឱ្យមានការរីកចំរើន ។

លោកបន្តថា “នៅក្នុងទីក្រុងភ្នំពេញមានការរីកចំរើន និងមានកំណើនប្រជាជន អីចឹងហើយ បានគេអភិវឌ្ឍន៍ទីក្រុងរណបបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍គម្រោងខុនដូ ផ្សារទំនើប និងអគារផ្សេងទៅកាន់ទីនោះ”។ លោកបន្ថែមថា “ម្យ៉ាងទៀត ការបង្កើតឱ្យមានទីក្រុងរណបនេះ ឆ្លើយតបទៅនឹងកំណើនតម្រូវការ សេដ្ឋកិច្ច និងរស់នៅ”។
លោកបន្ថែមទៀតថា នៅពេលដែលបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ថ្មីៗបែបនេះ ក៏នឹងជួយវិស័យអចលនទ្រព្យ ជាពិសេសសំណង់កើនឡើង ព្រោះថាតំបន់ថ្មីត្រូវការសាងសង់សំណង់ផ្សេងៗ ប៉ុន្តែបញ្ហាតែមួយប៉ុណ្ណោះ គឺរដ្ឋាភិបាលមិនទាន់បានកំណត់ឱ្យបានច្បាស់លាស់ចំពោះការបែងចែកតំបន់អភិវឌ្ឍន៍ ដោយពេលខ្លះអនុញ្ញាតឱ្យសាងសង់រោងចក្រ ក្បែរនឹងសណ្ឋាគារជាដើម។
លោក ឡុង គឹមសួគ៌ អគ្គនាយក្រុមហ៊ុន Century21 Advance បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍តំបន់ទីក្រុងរណប កាន់តែច្រើននឹងជួយជំរុញកំណើតសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មនានា ឱ្យកាន់តែមានភាពងាយស្រួល និងធ្វើឱ្យវិស័យកាន់តែមានតម្លៃខ្ពស់ផងដែរ។

លោកបន្តថា “ជាពិសេសនោះ នៅពេលមានការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធជុំវិញក្រុង (តំបន់អភិវឌ្ឍន៍ទីក្រុងរណប) បានធ្វើឱ្យសេដ្ឋកិច្ចនៅជុំវិញក្រុង មានការរីកចំរើន ជាមួយគ្នានេះ វិស័យសំណង់ និងអចលនទ្រព្យ ក៏នឹងមានការកើនឡើងផងដែរ”។
លោកគឹមសួគ៌បានបញ្ជាក់ថា នៅពេលដែលមានតំបន់ណាមួយ កំពុងមានការអភិវឌ្ឍន៍ថ្មីដូចជាតំបន់ទីក្រុងរណបនេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យឡើងថ្លៃ ព្រោះថា មនុស្សទាំងអស់នឹងទៅទិញ ឬធ្វើអាជីកម្មផ្សេងៗ នៅក្នុងតំបន់នេះ”។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ធ្លាប់បានឡើងកាលពីពេលថ្មីៗនេះដែរថា គ្រាន់តែការអភិវឌ្ឍន៍ទីក្រុងរណមថ្មីមួយ កោះនរានៅលើទំហំផ្ទៃដី១០០ហិកតា នឹងចូលរួមបង្កើនចំណូលថវិកាជាតិ ប្រមាណ ២៥០លានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកឧកញ៉ាថ្លែងថា “គម្រោងអភិវឌ្ឍន៍កោះនរានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ជាពិសេសនៅក្នុងកាលៈទេសៈ ដែលកំពុងជួបវិបត្តិនាពេលនេះ ដែលកម្ពុជាកំពុងត្រូវការគម្រោងវិនិយោគបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ”។
លោកបានបន្តថា “តាមរយៈគម្រោងមួយនេះ នឹងអនុគ្រោះដល់មនុស្សរស់នៅប្រមាណ៥ម៉ឺននាក់ ហើយអាចនឹងចូលរួមចំណែកដល់ផលិតផលក្នុងស្រុក (GDP) ប្រមាណ២២៥លានដុល្លារក្នុងមួយឆ្នាំៗ ស្មើនឹងប្រមាណ០,៩ភាគរយនៃចំនួន GDPនាពេលបច្ចុប្បន្ននេះ”។
រាជរដ្ឋាភិបាលកាលពីកន្លងមកនេះ បានដាក់ចេញផែនការអភិវឌ្ឍទីក្រុងរណប តាមរយៈផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងនៅក្នុងស្រុក និងក្រៅចូលរួមអភិវឌ្ឍន៍ នៅតាមជាយរាជធានីភ្នំពេញ។ ជាក់ស្តែង ស្ទើរតែគ្រប់ទិសនៃរាជធានីភ្នំពេញ មានការចូលរួមអភិវឌ្ឍន៍ទីក្រុងរណបពិក្រុមហ៊ុនផ្សេងៗជាច្រើន៕