សូម​បង្កើន​ទំនុកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​!


ដោយៈ លី ម៉េង​ហួរ​
​អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត គឺ​មិនអាច​យក​ប័ណ្ណ​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​នោះ​ប្តូរ​យក​ឈាម បានទេ​។​ការអនុវត្ត​វិធានការ​ដូច្នេះ មិន​ថា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​មន្ទីរពេទ្យ​តាម​ខេត្ត ការផ្តល់​ឈាម​ចល័ត ឬក៏​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះឡើយ​។​


​សម្រាប់​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​រាជធានី​ភ្នំពេញ កាល​មុន អ្នកមាន​ប័ណ្ណ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត អាច​កាន់​ប័ណ្ណ​នោះ ប្តូរ​យក​ឈាម​វិញ​បាន​។ ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ឈប់​អនុញ្ញាត​ឲ្យ​ប្តូរ​យក​ឈាម​ទៀតហើយ​។ ការធ្វើ​ដូច្នេះ ត្រូវបាន​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការទិញ​លក់​ឈាម ដែលជា​អំពើ​ខុសច្បាប់​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បញ្ជាក់ថា កាលណា អនុញ្ញាត​ឲ្យ​គេ​យក​កាត​មក​ដូរ​បាន គឺ​អ្នកមាន​កាត ឬ​ប័ណ្ណ​ផ្តល់​ឈាម លក់​កាត​នោះ ទៅ​ឲ្យ​អ្នកត្រូវការ​ឈាម ហើយ​យកមក​បើក​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែរ​។


​ម្យ៉ាងទៀត លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា ការបរិច្ចាគ​ឈាម មួយដង មិន​ស្មើនឹង​ឈាម មួយ​សាក់ ឬ មួយ​ប្លោក​ទេ ពីព្រោះ​ឈាម ដែល​បរិច្ចាគ​មក​ភ្លាមៗ មិនទាន់​ស្អាត​។ ដូច្នេះ ក្នុងចំណោម​ឈាម ១០០ សាក់ គឺ​ចោល​អស់ ១០​សាក់​ហើយ​។ ដូច្នេះ​មិនអាច យក មួយ ដូរ មួយ បាន​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់​បន្ថែមថា កន្លងមក ការយក​ប័ណ្ណ​បរិច្ចាគ​ឈាម មក​ប្តូរ​យក​ឈាម​វិញ​បាន បង្ក​នូវ​ការជួញដូរ​ឈាម យ៉ាង​អាណាធិបតេយ្យ​។​
​ការបញ្ជាក់​របស់​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​យ៉ាង​ដូច្នេះ ឆ្លើយតប​នឹង​ការលើកឡើង​របស់​សាច់ញាតិ​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​។ ប៉ុន្តែ​នៅពេល​បងប្អូន សាច់ញាតិ​មិត្តភក្តិ ដែលមាន​ប័ណ្ណ​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​កន្លងមក ហើយ​យកទៅ​ប្តូរ​យក​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម គឺ​មិន​ត្រូវបាន​គ្រូពេទ្យ ដូរ​ឲ្យ​នោះទេ​។​


​ជាគោលការណ៍ គ្រូពេទ្យ មិន​ថា នៅ​ពេទ្យ​រដ្ឋ ពេទ្យ​ឯកជន ឬក៏​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ គឺ​តម្រូវ​ឲ្យ​មាន​សាច់​ញា​ត្តិ ឬ​មិត្តភក្តិ​អ្នកជំងឺ បរិច្ចាគ​ឈាម បើសិនជា​អ្នកជំងឺ​នោះ ត្រូវការ​បញ្ចូល​ឈាម​។ ការធ្វើ​ដូច្នេះ ដោយសារតែ​មន្ទីរពេទ្យ ក៏ដូចជា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម មិនមាន​ឈាម​ស្តុក គ្រប់គ្រាន់ ដើម្បី​បើក​ផ្តល់​ឲ្យ​អ្នកជំងឺ​នោះទេ​។ អ្នកជំងឺ​ដែល​ត្រូវការ​ឈាម គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ដែល​ត្រូវ​វះកាត់​ធ្ងន់ធ្ងរ​។


​តម្រូវការ​ឈាម នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្នកបរិច្ចាគឈាម មិនមាន​គ្រប់​តម្រូវការ​ឡើយ​។ ក្នុង​ឆ្នាំ​២០២០​នេះ តម្រូវការ​ឈាម នៅ​រាជធានី​ភ្នំពេញ គឺ​ក្នុង​រង្វង់ ២០០​ប្លោក ក្នុង​មួយថ្ងៃ ហើយ​បើ​សរុប នៅ​ទូទាំងប្រទេស គឺមាន​តម្រូវការ​ឈាម ប្រមាណ ៣០០​ប្លោក ក្នុង​មួយថ្ងៃ​។
​កន្លងមក មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក៏​ដូច​មន្ទីរពេទ្យ​នានា ទទួលបាន​អ្នកផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត តិចតួច​បំផុត​។ ប៉ុន្តែ​ក៏មាន​កម្មវិធី​នានា ដើម្បី​ទទួល​ការបរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ពិសេស​វិស័យ​ឯកជន ក្រុមហ៊ុន​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ចុះ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ទៅ​ទទួល​អ្នកផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​។​


​ព្រឹត្តិការណ៍​ធំៗ ២ ក្នុង ១​ឆ្នាំ ត្រូវបាន​រៀបចំ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ទទួល​អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត គឺ​នៅ​ថ្ងៃទី​១៤​កុម្ភៈ ដែលជា​ទិវា​នៃ​ក្តី​ស្រឡាញ់ និង​ថ្ងៃទី​១៤​មិថុនា ទិវា​ផ្តល់​ឈាម​អន្តរជាតិ​។​
​ក្រៅពីនោះ ក៏មាន​អង្គការ សមាគម ពិសេស​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​វិស័យ​ឯកជន​នានា ក៏បាន​ចូលរួម​ផ្តល់​ឈាម ដោយ​បង្កើតជា​ធនាគារ​ឈាម ថែម​ទៀតផង​។​


ការបរិច្ចាគ​ឈាម ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ​។ មនុស្ស​ប្រុស​ស្រី មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង មាន​ទម្ងន់ ៤៥​គីឡូក្រាម​ឡើងទៅ និង​មាន​សុខភាព​ល្អ ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវកាយ អាច​បរិច្ចាគ​ឈាម បាន​ហើយ​។ សម្រាប់​បុរស អាច​បរិច្ចាគ​ឈាម យ៉ាងតិច ៣​ខែម្តង​។ រីឯ​ស្ត្រី អាច​បរិច្ចាគ​ឈាម យ៉ាងតិច ៣​ខែ​កន្លះ​ម្តង​។ ការបរិច្ចាគ​ឈាម មិន​ប៉ះពាល់​សុខភាព​អ្វី​នោះទេ​។​


​យ៉ាងណាក៏ដោយ អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត​មួយចំនួន កន្លងមក ចេះតែ​បារម្ភ​ថា ឈាម​របស់ខ្លួន ដែល​ផ្តល់​ទៅហើយនោះ ត្រូវគេ​យកទៅលក់​ឲ្យ​អ្នកជំងឺ ព្រោះថា នៅពេល​សាច់​ញា​ត្តិ មិត្ត​ភ័ក្តិ ក្រុមគ្រួសារ​របស់​អ្នក​ធ្លាប់​បរិច្ចាគ​ឈាម មាន​ជំងឺ ត្រូវការ​បញ្ចូល​ឈាម គឺ​មិនអាច​ទទួលបាន​ឈាម​ដោយ​ទទេៗ​ឡើយ​។ ពោលគឺ​ត្រូវ​បង់លុយ​ឲ្យ​ពេទ្យ បើសិនជា​ត្រូវការ​ឈាម​បន្ទាន់ ហើយ​រក​អ្នកផ្តល់​ឈាម​ជំនួស​វិញ មិនបាន​ទេនោះ​។ នេះ​ជា​រឿង​ពិត នៅក្នុង​សង្គម​យើង ដែល​ការទិញ​លក់​ឈាម​នេះ កើតឡើង​នៅតាម​មន្ទីរពេទ្យ តែ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​ក្រសួងសុខាភិបាល តែងតែ​បដិសេធ ច្រានចោល ដោយ​មិន​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព លុបបំបាត់​ជំនួញ​ឈាម ដើម្បី​ផ្តល់​ទំនុកចិត្ត ទាក់ទាញ​អ្នកផ្តល់​ឈាម​ឲ្យ​បាន​ច្រើន​នោះទេ​។​

​ដូច្នេះ​ក្រៅពី​ជំរុញ​អប់រំ ផ្សព្វផ្សាយ លើកទឹកចិត្ត​ឲ្យ​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​ហើយ​នោះ ថ្នាកដឹកនាំ​សុខាភិបាល ពិសេស​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវតែមាន​យន្តការ​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​ដល់​អ្នកបរិច្ចាគឈាម​ថា ឈាម​ដែល​គេ​បរិច្ចាគ​ទៅហើយនោះ មិនត្រូវ​បាន​គេ​យកទៅលក់​ឡើយ​។​


​ចំណុច​នេះ ថ្នាក់ដឹកនាំ​សុខាភិបាល មន្ទីរពេទ្យ ពិសេស​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម គួរតែ​បង្ហាញ​សាធារណជន ពី​តម្លាភាព គណនេយ្យភាព និង​សុ​ច្ចរិតភាព ដោយ​បើកទូលាយ​ឲ្យ​សាធារណជន​ដឹង​ពី​នីតិវិធី បើក​ផ្តល់​ឈាម ដែល​ពួកគេ​បរិច្ចាគ​នោះ ដល់​អ្នកជំងឺ​។ គួរតែមាន​ការចូលរួម​សង្កេតការណ៍ ហើយ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​ការលាក់លៀម​អ្វី​ឡើយ​។​


​នៅពេល​រកឃើញ​អ្នកលក់​ឈាម ដែល​គ្មាន​នរណា ក្រៅតែពី​ពេទ្យ និង​អ្នកធ្វើ​ការបើក​ផ្តល់​ឈាម​នោះ គឺ​ត្រូវមាន​ចំណាត់ការ​លើ​អ្នក​ទាំងនោះ ដោយ​បណ្តេញ​ចេញពី​ការងារ ហើយ​ដាក់ទោស​ដោយ​គ្មាន​លើកលែង ត្រូវដាក់​ពន្ធនាគារ​ថែមទៀត ពីបទ​ជួញដូរ​មនុស្ស ព្រោះ​ឈាម ជា​កោសិការ​សរីរាង្គ​របស់​មនុស្ស​ដែរ​។​


​ជា​ការពិតហើយ បើសិនជា​ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បង្កើន​ទំនុកចិត្ត​ដល់​អ្នកបរិច្ចាគឈាម នោះ​នឹង​អាចមាន​អ្នកបរិច្ចាគឈាម​ច្រើន​ថែមទៀត ចូលរួម​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ខណៈដែល​សព្វថ្ងៃ មាន​ក្រុមយុវជន​ជាច្រើន បាន​ចងក្រង បង្កើតជា​ធនាគារ​ឈាម រង់ចាំ​ផ្តល់​ឈាម​ដល់​សមាជិក ឬ​ក្រុមគ្រួសារ ញា​ត្តិ​មិត្ត​ណា ដែល​ឈឺ ត្រូវការ​បញ្ចូល​ឈាម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...